ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់រងរបួសបាក់ភ្លៅខាងឆ្វេង ដោយសារតែស្រ្ដីម្នាក់វ័យប្រមាណជា៤០ ឆ្នាំ បើករថយន្ត Mercedes ស៊េរីទំនើប បើកលឿនបុកម៉ូតូឌ្រីមសង់ សេ១២៥ ពីរនាក់ប្ដីប្រពន្ធពីក្រោយ បណ្ដាលឲ្យប្រពន្ធរងរបួសបាក់ជើង ដឹកបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌ខាងលើ កើតហេតុនៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចមុខធនាគារ CIMB ផ្លូវ១១៨ កែងផ្លូវព្រះនរោត្តម សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត Mercedes ពណ៌ក្រហម ស្លាកលេខភ្នំពេញ 2AN-1910 បើកបរដោយស្រ្តីម្នាក់វ័យប្រមាណជា៤០ឆ្នាំ បើកបរតាមផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង បើកបុកម៉ូតូឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1AE-8182 ជិះពីរនាក់ប្ដីប្រពន្ធ លើផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា រថយន្ត Mercedes បានបើកវ៉ារថយន្តលុចសុីសដែលឈប់ស្ងៀមឲ្យម៉ូតូរងគ្រោះឆ្លងខាងស្ដាំ ពេលនោះរថយន្តMercedes បានបុកម៉ូតូដែលឆ្លងកាត់ទទឹងថ្នល់ បណ្ដាលឲ្យម៉ូតូគៀបជាប់ក្រោមរថយន្ត ចំណែកស្រ្តីរងគ្រោះវិញ បាក់ភ្លៅខាងឆ្វេងត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ក្រោយពេលកើតហេតុភាគីរងគ្រោះទារសំណង១៥០០ដុល្លារ ដើម្បីបញ្ចប់រឿង តែដោយសារតែខាងភាគីបង្កមានក្រុមហ៊ុនធានារ៉ាប់រង ចរចាគ្នានៅសល់១០០០ដុល្លា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕