ភ្នំពេញ : សមត្ថកិច្ចនគរបាលរដ្ឋបាលបឹងទំពុន ខណ្ឌមានជ័យ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តស្វាយរៀង ចុះបង្រ្កោបឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ពាក់ព័ន្ធប្រើកាតគណនីវីង លួចលុយចំនួន៥០០០ដុល្លារ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ ឌី មនោរម្យ តាមផ្លូវ៣៧១ ភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ជនរងគ្រោះដើមបណ្ដឹងមានឈ្មោះ សឹុម ចាំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអាជីវករបើកវេរលុយវីង នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រាប់អ្នកយកព័ត៍មានយើងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ មានជនមិនស្គាល់មុខម្នាក់បានទូរស័ព្ទមកគាត់ប្រាប់ថា រូបគាត់ត្រូវរង្វាន់ធំពីសាខាក្រុមហ៊ុនវីង ដែលបើកតាមបណ្ដាលខេត្ត ឈ្នះរង្វាន់ជាទឹកប្រាក់៧៥០០ដុល្លារសហរដ្ឋមេរិក ហើយខ្លួនគាត់មិនចង់ជឿដែរ ដោយខ្លាចគេបោក តែជននោះបានកាត់តសំឡេងក្រុមហ៊ុនវីង ឲ្យស្ដាប់ មានឈ្មោះគាត់ថាត្រូវរង្វាន់មែន ហើយក៏ជឿជាក់រហូតទាល់តែម៉ោង៥និង០០នាទីល្ងាចថ្ងៃខែដដែល ជនមិនស្គាល់មុខបានទូរស័ព្ទមកគាត់ប្រាប់ថាសូមឲ្យគាត់ជាអថិជនវីង ជួយប្រាប់លេខកូដគណនី ហើយក្រោយមកគាត់ក៏ប្រាប់លេខកូដគណនី រួចមានប្រពន្ធគាត់ស្រែកពីក្រោយផ្ទះប្រយ័ត្នចាញ់បោកគេ ប្រាប់លេខគណនី និងមិនដកលុយយើងអស់ ពេលឮប្រពន្ធប្រាប់ ក៏មានការភ្ញាក់ខ្លួន ក៏ប្រញាប់បិទទូរស័ព្ទ ហើយក៏ឆែកក្នុងគណនីវីង របស់គាត់ ទើបដឹងថា បាត់លុយអស់ចំនួន៥០០០ដុល្លារសហរដ្ឋអាមេរិក ពីគណនីហើយក៏ប្រញាប់ទំនាក់ទំនងទៅខាងក្រុមហ៊ុនវីង តែចំពេលល្ងាចផុតម៉ោងធ្វើការ មិនអាចទំនាក់ទូរស័ព្ទ ណាមួយគាត់នៅឯខេត្ត ទម្រាំមកដល់ភ្នំពេញ កាន់តែយប់ទៀតហើយ លុះដល់ភ្លឺ ក៏ទំនាក់ទៅក្រុមហ៊ុនប្រាប់ពីដំណើរដើមទង ទើបស្នើសុំលេខទូរស័ព្ទជនសង្ស័យដែលបោកគាត់លួចលុយតាមគណនីវីង ។
ជនរងគ្រោះបន្តថា ដោយក្រុមហ៊ុនប្រាប់ថា លុយក្នុងគណនីវីងគាត់អស់លុយចំនួន៥០០០ដុល្លារ ហើយបានតែលេខទូរស័ព្ទជនសង្ស័យ និងលេខកូដគណនីវីង របស់ជនសង្ស័យ ហើយបានយកឯកសារពាក់ព័ន្ធយកទៅដាក់ពាក្យបណ្ដឹងនៅនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការខេត្តស្វាយរៀង ដើម្បីជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់ ។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទី១ មានឈ្មោះ ព្រំ ភានី ភេទស្រី អាយុ១៨ឆ្នាំមុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅផ្ទះសំណាក់ ឌី មនោរម្យ តាមផ្លូវ៣៧១ ស្ថិតនៅភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ជាមិត្តស្រី) ជាម្ចាស់គណនីឲ្យកាតសង្សាទៅបោកដកលុយ ទី២ មានឈ្មោះ សៀ វេងសៀ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះសំណាក់ ឌីមនោរម្យ ត្រូវជា (មិត្តប្រុស) ជាអ្នកប្រើកាតមិត្តស្រីដកលុយក្នុងគណនីជនរងគ្រោះ ទី៣ មានឈ្មោះ សេក សុភ័ក្រ្ត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ខាងលើបន្ទប់ផ្សេងគ្នា បក្ខពួកជនសង្ស័យ ទី៤ មានឈ្មោះ ហេង សុធន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ខាងលើ បក្ខពួកជនសង្ស័យ ទី៥ មានឈ្មោះ ឃិន ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ខាងលើជាបក្ខពួក បានសារភាពប្រាប់សមត្ថកិច្ច ខ្លួនបានចូលរួមចំណែកក្នុងករណីដកលុយតាមគណនីវីង ហើយលុយកាក់បានចាយផឹកសីុលេងល្បែងហ្គេមបាញ់ត្រីអស់ហើយ ។

លោកវរសេនីយ៍ត្រី វ៉ាន់ សារិន ឋានៈនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់អ្នកយកព័ត៍មាននៅព្រឹកនេះ បានសហការជាមួយនគរបាលរដ្ឋបាលបឹងទំពុន ខណ្ឌមានជ័យ ដោយចុះឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ប្រុស៤ស្រី១ ក្រោយពីបុរសជនរងគ្រោះមកដាក់ពាក្យបណ្ដឹងឆបោកប្រាក់តាមវីង បន្លំជាបុគ្គលិកវីង ដោយកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានទទួលពាក្យបណ្ដឹងបុរសម្នាក់ជាអាជីករបើកកន្លែងវេរលុយវីង ត្រូវជនសង្ស័យឆបោកបន្លំខ្លួនជាបុគ្គលិកវីង ប្រាប់ថា ត្រូវរង្វាន់ធំ រួចកាត់តសំឡេងប្រកាសត្រូវរង្វាន់ ទើបធ្វើឲ្យជនរងគ្រោះជឿលង់ចិត្ត រហូតប្រាប់លេខកូដគណនីវីងរបស់ខ្លួនទៅជននោះដកលុយអស់ចំនួន៥០០០ដុល្លារ ហើយក្រោយពីសាកសួរនាំជនរងគ្រោះរួច កម្លាំងសមត្ថកិច្ចយើងក៏ធ្វើការស្រាវជ្រាវឯកសារពាក់ព័ន្ធដែលជនរងគ្រោះយកឈ្មោះអត្តសញ្ញាណប័ណ្ណ ដែលជនសង្ស័យប្រើគណនីដកលុយ រហូតឈានដល់ស្គាល់ឈ្មោះរួចរាល់សើុបអង្កេតដឹងថា ជនសង្ស័យមានទីលំនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទើបមកសហការ និងធ្វើការឃាត់បានម្ដងមួយសំបុកតែម្ដង បានជនសង្ស័យចំនួន៥នាក់ ក្នុងផ្ទះសំណាក់យីហោ ឌី មនោរម្ យហើយក៏យកមកសាកសួរនាំនៅប៉ុស្តិ៍ ទើបជនសង្ស័យចំនួនប្រុស៣នាក់ ជាអ្នកសមគំនិតយកលុយបានចាយហើយចំណែកស្រ្តីនិងប្រុសគូសង្សារ គឺជាម្ចាស់គណនីវីង ដែលបុរសជាសង្សារជាអ្នកយកកាតទៅដកលុយចំនួន៥០០០ដុល្លារ ហើយយកលុយមកចែកគ្នាចាយមានគ្នីគ្នា ចំនួន៦នាក់ ហើយម្នាក់ទៀត រត់គេចខ្លួនបាត់ ហើយក៏សាកសួរនាំជនសង្ស័យទាំង៥នាក់ ប្រុស៤នាក់ស្រី១ បញ្ជូនទៅស្នងការខណ្ឌស្វាយរៀង ដើម្បីចាត់ការបន្ត ពេលនោះដែរ លោកនាយរងការិយាល័យបានថ្លែងអំណរគុណដល់សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ដែលចូលរួមផ្ទាល់ពីលោកតេង សីុណូ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ យ៉ាងជ្រាលជ្រៅផងដែរ៕