Wednesday, September 24, 2025
Homeព័ត៌មានជាតិសង្ស័យករណីឃាតកម្មវាយសម្លាប់!!! ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅក្នុងគុម្ពោតព្រៃ

សង្ស័យករណីឃាតកម្មវាយសម្លាប់!!! ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅក្នុងគុម្ពោតព្រៃ

ខេត្តប៉ៃលិន៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ នៅពេលប្រជាពលរដ្ឋបានដើរចូលក្នុងព្រៃ ស្រាប់ តែប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅក្នុងគុម្ពោតព្រៃក្បែរភូមិ រួចក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនគរបាលឱ្យចុះទៅត្រួតពិនិត្យមើលភ្លាមៗតែម្តង ។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច នគរបាលជំនាញបានសង្កេតឃើញមានស្នាមរបួសបែកចិញ្ចើម និងបាក់ក ព្រមទាំងមានដំបងនៅក្បែរជនរងគ្រោះ ទើបធ្វើការសន្និដ្ឋានថា ជាករណីអំពើឃាតកម្មវាយសម្លាប់ ហើយសមត្ថកិច្ចកំពុងដុតដៃដុតជើង ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោស ។

ហេតុការណ៍ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅក្នុងគុម្ពោតព្រៃក្បែរភូមិនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភ្នំដំបង ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ាង សំអាត ហៅតាក្រឹម រស់នៅភូមិសង្កាត់ខាងលើ រងរបួសធ្ងន់ស្លាប់ដោយបែកត្រង់លើចិញ្ចើមខាងស្តាំហូរឈាមខ្លាំង និងបាក់ក។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ ក្រុមគ្រួសារបានបាត់ជនរងគ្រោះពីផ្ទះតាំងពីយប់ ដោយដើររកសួរនាំគ្នានៅក្នុងភូមិមិនឃើញ ទើបមានការឆ្ងល់សង្ស័យគ្រប់ៗគ្នា ដោយអ្នកខ្លះថា ប្រហែលជាគាត់ដើរផឹកស្រាស្រវឹងជ្រុលដេកនៅផ្ទះមិត្តភក្តិក្នុងភូមិ អ្នកខ្លះទៀតសង្ស័យក្រែងគាត់ខឹងនឹងប្រពន្ធកូនរត់ទៅខេត្តផ្សេង ទើបក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញ ។ ប៉ុន្តែរហូតដល់ព្រឹកថ្ងៃកើតហេតុ មានប្រជាពលរដ្ឋដើរនៅក្នុងគុម្ពោតព្រៃ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ហើយក៏រត់ទៅប្រាប់អាជ្ញាធរភូមិ ឱ្យប្តឹងនគរបាលស្នងការខេត្ត ចុះទៅត្រួតពិនិត្យមើល ។

លុះពិនិត្យនៅកន្លែងកើតហេតុរួចរាល់ឃើញមានស្នាមរបួសធ្ងន់ធ្ងរ និងមានឈាមហូរជោគដី ព្រមទាំងមានដំបងក្បែរជនរងគ្រោះ ទើបសន្និដ្ឋានថា ជាករណីឃាតកម្មវាយសម្លាប់ជនរងគ្រោះ ហើយនគរបាលបានធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

RELATED ARTICLES