ភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ីស RX300 មួយគ្រឿង បើកបរដោយបុរសជនជាតិស្បែកខ្មៅម្នាក់ក្នុងល្បឿនយ៉ាងលឿនដូចហោះ វ៉ារថយន្តកូរ៉េមួយគ្រឿង មិនផុត ជ្រុលចង្កូតទៅបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ក្រឡាប់៣ត្រឡប់ បណ្តាលឲ្យរងរបួសស្រាល៣នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខការ៉ាស់សាំងសូគីម៉ិចភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
រថយន្តដែលក្រឡាប់ម៉ាកឡិចស៊ីស RX300 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-9477 រងការខូចខាតទាំងស្រុង តាមការអះអាង គេឃើញបុរសជនជាតិស្បែកខ្មៅ ជាអ្នកបើកបរ និងអ្នករួមដំណើរស្ត្រីជនជាតិស្បែកខ្មៅ ២នាក់ រងរបួសធ្ងន់ស្រាលទាំង៣នាក់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីស RX300 មួយគ្រឿង ជិះដោយជនជាតិស្បែកខ្មៅប្រុសស្រី៣នាក់ បើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿងយ៉ាងលឿន ខណៈពេលមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាខាងឆ្វេងដៃរថយន្តកូរ៉េមួយគ្រឿង កំពុងបើកបរស្របទិសដៅគ្នាវ៉ាមិនផុតផងក៏អកហ្សុឺ ក៏បួងចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកខឿនឡើងថ្មសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់៣ត្រឡប់ មកចំណែកផ្លូវម្ខាងទៀត តែសំណាងល្អមិនប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវនោះឡើយ។ ក្រោយកើតហេតុអ្នកបើកបររថយន្តនិងអ្នករួមដំណើរទាំង៣នាក់ បាននាំគ្នាលូនចេញហៅម៉ូតូរឺម៉កង់បីឡើងជិះ រត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យរួចរាល់ ហើយហៅរថយន្តស្ទូចមកស្ទូចរថយន្តរងគ្រោះទៅរក្សាទុកនៅចរាចរណ៍ខណ្ឌព្រែកព្នៅ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយ៕