ភ្នំពេញ ៖ កូនប្រុសរបស់លោកខៀវ កូឡា អ្នកយកព័ត៌មាននៅស្ថានីយទូរទស្សន៍ CTN សង្ស័យ ប្រចណ្ឌប្រពន្ធ ដែលទើបនឹងរៀបការបាន៣ខែ បានបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួន ឯងតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅក្នុងផ្ទះល្វែងបុរី៩៩៩ ជាន់ទី១ ផ្លូវលេខ២១BT ភូមិសន្សំកុសល១ ក្រុម៣ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ។
សពជនបុរសជាប្តីមានឈ្មោះ ខៀវ កូណែល អាយុ៣៤ឆ្នាំ មុខរបរអនុប្រធានការិយាល័យគណនេយ្យ និងជាជំនួយការផ្ទាល់លោកស្នងការរាជធានីភ្នំពេញ ជាកូនប្រុសរបស់លោកខៀវ កូឡា បច្ចុប្បន្នជាអ្នកយកព័ត៌មាននៅស្ថានីយទូរទស្សន៍ CTN និងជាបងប្រុសរបស់អ្នកនាង ខៀវ សានសាណា ជាពិធីការិនីនៅស្ថានីយទូរទស្សន៍ CTN ។ ចំណែកសពស្ត្រីជាប្រពន្ធ មានឈ្មោះ យ៉េង លក្ខិណា អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកវិទ្យុទន្លេ ទាំងពីរនាក់ស្នាក់ នៅផ្ទះកើតហេតុខាងលើ ។
ជុំវិញករណីខាងលើនេះសមត្ថកិច្ចហាក់មានការលាក់លៀម បើតាមការបង្ហើបរបស់ម្តាយស្រ្តីរងគ្រោះ ដែលស្នាក់ជាមួយកូន បានប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កូនរបស់គាត់ទាំងពីរនាក់ ដូចជាមានការរកាំរកូសជាមួយគ្នា ដូចជារឿងប្រចណ្ឌលុះមកដល់ថ្ងៃកើតហេតុ កូនប្រសារប្រុសរបស់គាត់ បានត្រឡប់មកពីក្រៅចូលផ្ទះវិញ ប្តីប្រពន្ធទាំងពីរនាក់បានឡើងទៅលើបន្ទប់របស់ខ្លួនជាន់ទី១ មិនដឹងថា ពួកគេទាំងពីរនាក់មានរឿងអ្វីនោះទេ ក៍ស្រាប់តែលឺឮសំឡេងផ្ទុះចំនួន២គ្រាប់ ឮដូចនេះ ពួកគាត់ក៏បាននាំគ្នាឡើងទៅមើល ក៍ស្រាប់តែឃើញកូនប្រុសស្រីទាំងពីរនាក់ បានដេកស្លាប់នៅក្នុងថ្លុកឈាម តែភ្លាមៗនោះកូនស្រីរបស់គាត់នៅមានដង្ហើម បានទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកកូនស្រីយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តែពេលទៅដល់មន្ទីពេទ្យ ក៍បានដាច់ខ្យល់ស្លាប់ទៅហើយ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានហេតុការណ៍កើតឡើង ឃើញមានសមត្ថកិច្ចមូលដ្ធាន និងវត្តមានលោកស្នងការរងរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុបិទទ្វារផ្ទះ មិនឲ្យអ្នកណាចូលទៅក្នុងផ្ទះកើតហេតុទេ ។ ក្នុងនោះសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុបានរកឃើញអាវុធខ្លី ម៉ាកឡុក ពណ៌ខ្មៅមួយដើម នៅលើពូកក្បែរជនរងគ្រោះជាប្តី ឃើញដូចនេះ សមត្ថកិច្ចមូលដ្ធានបានទំនាក់ទំនងហៅខាងជំនាញកោសល្យវិច័យក្រុង ឲ្យមកពិនិត្យឃើញថា សពជនរងគ្រោះជាប្តី របួសសៀតថ្កាខាងស្តាំធ្លាយទៅសៀតថ្កាខាងឆ្វេង ចំណែកសពជនរងគ្រោះជាប្រពន្ធរងរបួសពីថ្ពាល់ឆ្វេង ធ្លាយទៅចិញ្ចើមខាងស្តាំ។
តាមការឲ្យដឹងពីអ្នកជិតខាងកន្លែងកើតហេតុបានឲ្យដឹងថា ប្តីប្រពន្ធនេះទើបតែរៀបការបាន៣ខែប៉ុណ្ណោះ ហើយជនរងគ្រោះជាប្រពន្ធជាមេម៉ាយកូនមួយ ចំណែកប្តីពោះម៉ាយកូន ២នាក់ ។
ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា គឺជារឿងប្រចណ្ឌ ទើប បុរសជាប្តីបានបាញ់សម្លាប់ប្រពន្ធ រួចហើយបានបាញ់សម្លាប់ខ្លួនឯងជាក្រោយ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចហើយបានប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិរៀបចំធ្វើបុណ្យនៅផ្ទះជនរងគ្រោះតែម្តង៕