ភ្នំពេញ ៖ យោធនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលដែលកំពុងជិះម៉ូតូត្រូវបានរថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿង បើកបុកពីក្រោយ ដួលហើយរថយន្តកិនបន្ថែម ស្លាប់យ៉ាងអណោចអធម កាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខអាហារដ្ឋានវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ស្រ្តីរងគ្រោះមានឈ្មោះ ជុំ សាវ៉ុន អាយុ៤៨ឆ្នាំ តាមអត្តសញ្ញាប័ណ្ណការងារជាមន្រ្តីយោធា នៅអង្គភាព៩១១ មានទីលំនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ។ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CC-8541 ។
តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញស្រ្តីរងគ្រោះជិះម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកូរ៉េមួយគ្រឿង មិនចាំស្លាកលេខ គ្រាន់តែដឹងថា ជារថយន្តដឹកឥដ្ឋ បើកល្បឿនលឿនពីត្បូងទៅជើងស្របទិសគ្នា បុកម៉ូតូពីក្រោយ ធ្វើឲ្យម៉ូតូដួលចូលរថយន្តកិនស្លាប់ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបន្ថែមល្បឿនបើករត់គេចទៅបាត់ បន្សល់ទុកតែសាកសពនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងជាមួយអង្គភាព កងទ័ព៩១១ ហើយរថយន្តមណ្ឌលសុខភាពពងទឹក ជួយដឹកសាកសព ទៅតម្កល់ទុកនៅអង្គភាព៩១១ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុករង់ចាំស្រាវជ្រាវបន្ត ៕