ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង៨០នាក់ មកតវ៉ានិងទាមទារដីធ្លីដែលក្រុមហ៊ុនរំលោភបំពានយកដីលំនៅដ្ឋាន និងដីស្រែចម្ការពួកគាត់ជាច្រើនហិកតា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៧ នៅចំណុចក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តាមផ្លូវព្រះមុន្នីវង្ស ក្រុម១៨ ស្ថិតភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ស្រ្តីម្នាក់មានឈ្មោះ សួង វិន អាយុ៥៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែកអំបិល ខេត្តកោះកុង បានប្រាប់ថា គាត់នាំគ្នាមកតវ៉ានៅមុខក្រសួង ដើម្បីទាមទារដីធ្លី ហើយចំពោះរូបគាត់ផ្ទាល់មានដីស្រែចម្ការ២ហិកតា ដីលំនៅដ្ឋាន២ហិកតារ៨០អា ដែលរស់នៅជាប់ផ្លូវជាតិលេខ៤៨ មាន២ក្រុមហ៊ុនរំលោភយកដីពួកគាត់ គឺក្រុមហ៊ុនហេង ហ៊ុយ យកដីស្រែចម្ការ ចំណែកក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ យកដីលំនៅដ្ឋានពួកគាត់ ហើយពួកគាត់១៤៦គ្រួសាររស់នៅតាំងពីឆ្នាំ១៩៧៩ មានឯកសារបញ្ជាក់មេភូមិ មេឃុំ និងសៀវភៅស្នាក់នៅត្រឹមត្រូវ ហើយមកតវ៉ាសុំអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវប៊ុន រ៉ានី នាយរដ្ឋមន្រ្តីឲ្យក្រុមការងារចុះត្រួតពិនិត្យដីធ្លីប្រជាពលរដ្ឋ បើគ្មានដីស្រែធ្វើយ៉ាងណាបង្កបង្កើនផលចិញ្ចឹមជីវិតបាន។
បងស្រី ផាវ ញឺុង អាយុ៤១ឆ្នាំ មុខរបរកសិករស្នាក់ភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រាប់អ្នកយកព័ត៍មានថា ដីធ្លីស្រែចម្ការដំណាំដាំដុះដែលក្រុមហ៊ុន ហេង ហ៊ុយរំលោភយកចំនួប៥៩ហិកតា៣៩អា ស្មើ១៥គ្រួសារ ហើយចំណែកដីរបស់ប្រជាពលរដ្ឋជាទីលំនៅមានចំនួន៥៨០ហិកតា ៥អា ស្មើនិង១៤៦គ្រួសារ ក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ រំលោភយកហើយពួកគាត់មិនដឹងថា ក្រុមហ៊ុនឧកញ៉ាលី យ៉ុងផាត់ បានផ្ទេរឬលក់ឲ្យក្រុមហ៊ុនផ្សេងទេ ដឹងត្រឹមថា ក្រុមហ៊ុនបានយកដីគាត់តាំងពីដើមហេតុដំបូងរហូត ហើយគាត់ប្ដឹងនិងចោទប្រកាន់និងតវ៉ានៅតែដាក់ឈ្មោះក្រុមហ៊ុនដដែល និងសង្ឃឹមថា ព្រឹកនេះ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឆាប់ដោះស្រាយឲ្យពួកគាត់ តែព្រឹកនេះមិនមានដំណោះស្រាយ ពួកគាត់បានយកចានឆ្នាំអង្ករមកស្នាក់នៅក្រសួង ហើយមិនចាកចេញទេ ប៉ុន្តែបើមានដំណោះស្រាយត្រឹមត្រូវ អាចទទួលយកបាន ប្រជាពលរដ្ឋត្រឡប់ទៅទីលំនៅដ្ឋានវិញ ៕