ភ្នំពេញ : ប្រជាពលរដ្ឋប្រមាណ៤៣នាក់ ប្រមូលផ្ដុំគ្នាយកញាតិ្តមកដាក់នៅស្ថានទូតចិន មានក្រុមហ៊ុនសាងសង់ប៉ះពាល់និងរំលោភយកដីធ្លីប្រជាពលរដ្ឋ មានចំនួន៣ស្រុក កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចអគារលេខ១៦៥ តាមផ្លូវម៉ៅសេទុង ស្ថិតនៅភូមិ៥ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
លោកហេត ណៃ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិក្ដុល ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានប្រាប់ថា ពួកគាត់មានគ្នាប្រមាណ៤៣នាក់ យកញាត្តិមកដាក់នៅស្ថានទូតចិន ដោយប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍មិនមែនជនជាតិដើមភាគតិច ដែលរងគ្រោះជាច្រើនឆ្នាំ ដោយសារក្រុមហ៊ុនពីប្រទេសចិន គឺក្រុមហ៊ុន ឡាន ហ្វេង, ក្រុមហ៊ុន រូយ ហេ្វង, ក្រុមហ៊ុន ហេង ណុង, ក្រុមហ៊ុន ហេងយូ ហេងរូយ បានរំលោភយកដីស្រែចម្ការ បំផ្លាញធនធានធម្មជាតិ និងកំពុងធ្វើឲ្យមានអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ហើយគោរពជូនឯកឧត្ដមសុី ជីងភីង ប្រធានាធិបតីនៃសាធារណ:រដ្ឋប្រជាមានិតចិន តាមរយៈលោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា ។
ប្រជាពលរដ្ឋមកតវ៉ាបានបន្តថា ចាប់តាំងពីឆ្នាំ២០១២ សហគមន៍យើងខ្ញុំបានបាត់បង់ដីធ្លី ដោយសារក្រុមហ៊ុនបុត្រសម្ភ័ន្ធទាំង៥ មិនបានគោរពសិទ្ធិមនុស្សរបស់សហគមន៍យើងខ្ញុំ ហើយគាត់មកដាក់ញាតិ្ត សង្ឃឹមខាងស្ថានទូតចិន ជួយដោះស្រាយ តែដោយខាងតំណាងឲ្យស្ថានទូតចិន ឲ្យយកញាត្តិទៅដាក់នៅការិយាល័យសេដ្ឋកិច្ចរបស់ចិន ដែលស្ថិតនៅអាគារ៤៣២C តាមផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយពីតំណាងសេដ្ឋកិច្ចរបស់ចិនទទួលញាតិគាត់រួច ពួកគាត់រំសាយត្រឡប់ទៅខេត្តវិញថ្ងៃខែឆ្នាំដដែល រង់ចាំដោះស្រាយពេលក្រោយ ៕