Wednesday, September 24, 2025
Homeព័ត៌មានជាតិឌុបអូនចូលរាំក្នុងក្លឹប អូនសប្បាយរាំភ្លេចខ្លួន បងចុះមកក្រោមយកម៉ូតូអូនជិះចេញទៅបាត់

ឌុបអូនចូលរាំក្នុងក្លឹប អូនសប្បាយរាំភ្លេចខ្លួន បងចុះមកក្រោមយកម៉ូតូអូនជិះចេញទៅបាត់

ភ្នំពេញ ៖ ​សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឆបោកម៉ូតូ​ពីសង្សារ ខណៈពេលដែលនាងខ្ចីម៉ូតូពីសង្សាររបស់បងប្អូនជីដូនមួយ យកទៅដើរលេងក្លឹប ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្ រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចក្លឹបមីតណាយ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ផល សុខេង អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារព្រៃទា​ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកបា​ភ្នំ ខេត្តព្រៃវែង ។ ចំណែកជនសង្ស័យមានឈ្មោះ ប៉ោលី សុខនៅ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយសង្សារ ក្នុងភូមិត្រពាំងថ្លឹង មានស្រុកកំណើតនៅឃុំស្រីស្រណោះ ស្រុកកងមាស ខេត្តកំពង់ចាម។

បើតាមសម្តីពីសមត្ថកិច្ចបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុកាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នារីរងគ្រោះបានទៅខ្ចីម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១DC-១៩៦៣ ពីបុរសម្នាក់ដែលត្រូវជាសង្សាររបស់​ប្អូនស្រីជីដូនមួយ​នារីជនរងគ្រោះ ដើម្បីជិះទៅដើរលេងជាមួយប្អូនស្រីជីដូនមួយ និងសង្សារ​របស់​នាង ដែលជាជនសង្ស័យ​ រួមទាំងមិត្តភក្តិជាច្រើននាក់ទៀត ទៅដើរលេងនៅ​កោះពេជ្រ ។ ខណៈពេលទៅដើរលេងដំបូង ជនរងគ្រោះជិះម៉ូតូឌុបប្អូនស្រីជីដូនមួយ ចំណែកសង្សារជាជនសង្ស័យជិះម៉ូតូជាមួយមិត្តភក្តិរបស់គេ លុះពេលចេញពីដើរលេងនៅកោះពេជ្រ គោលបំណង​ទៅរាំលេងនៅក្លឹបយីហោ ផ្លេ​ ដែលស្ថិតតាមបណ្តោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ​ជនសង្ស័យបានទាមទារនារីរងគ្រោះឌុប ដោយនិយាយថា ​អូនឯងស្រីៗជិះម៉ូតូយឺតណាស់ ជិះមិនទាន់គេទេ ទុកឲ្យបងឌុបវិញ រួចនារីរងគ្រោះក៏ព្រមឲ្យជនសង្ស័យដែលជាសង្សារឌុបទៅដល់ក្លឹប ក៏បានចូលទៅរាំលេងនៅជាន់ទីមួយ ដោយនារីរងគ្រោះមិនបានយកកូនសោម៉ូតូពីជនសង្ស័យនោះទេ ស្រាប់តែមួយសន្ទុះក្រោយមក ជនសង្ស័យបានប្រាប់នារីរងគ្រោះថា រូបគេទៅជួបមិត្តភក្តិនៅជាន់ក្រោមមួយភ្លែត ហើយក៏ទៅបាត់រហូត មិនឃើញមកវិញសោះ ។ ​ដោយមិនឃើញជនសង្ស័យជិះម៉ូតូយកត្រឡប់មកវិញ នារីរងគ្រោះក៏សម្រេចចិត្តទាក់ទងទៅម្ចាស់ម៉ូតូ ហើយក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋចោមចៅ ។

ប្រភពបន្តថា បន្ទាប់ពីជនសង្ស័យបានយកម៉ូតូជិះចេញមកបានសម្រេច រូបគេបានដោះស្លាកលេខម៉ូតូទុកនៅផ្ទះមិត្តភក្តិ ហើយជនសង្ស័យបានយកម៉ូតូជិះឌុបបុរសម្នាក់ រួមទាំងស្រីៗពីរនាក់ទៀត តាមបណ្តោយផ្លូវ២០០៤ ។ ខណៈពេលនោះកម្លាំងសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃើញម៉ូតូគ្មានស្លាកលេខ ​សង្ស័យហើយ​បម្រុងធ្វើការឃាត់ឆែកឹឆរ តែត្រូវជនសង្ស័យជិះរត់គេច រហូតទៅដល់ខាងមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបធ្វើការឃាត់ខ្លួនយកម៉ូតូទៅរក្សា​ទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឲ្យជនសង្ស័យយកឯកសារពាក់ព័ន្ធមកយកម៉ូតូត្រឡប់ទៅវិញ។

ប្រភពបន្តទៀតថា រហូតដល់ថ្ងៃកើតហេតុខាងលើ នារីឈ្មោះ រុន ស្រីពេជ្រ ដែលត្រូវជាប្អូនជីដូនមួយនឹងនារីរងគ្រោះ បានចូលទៅរាំលេងនៅក្នុងក្លឹបកើតហេតុ ក៏ប្រទះឃើញជនសង្ស័យកំពុងតែរាំលេងនៅក្នុងនោះ ​ក៏ទាក់ទងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ឲ្យមកធ្វើការឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរនាំតែម្តង។

ក្រោយពេលកើតហេតុ ដោយសារតែករណីខាងលើបានកើតហេតុនៅក្នុងទឹកដីសង្កាត់ទឹកថ្លា ទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ប្រគល់ជនសង្ស័យខាងលើទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា យកទៅកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំចាត់ការទៅតាមនីតិវិធី៕​

RELATED ARTICLES