ភ្នំពេញ ៖ បុរសម្នាក់រងរបួសបោកក្បាលធ្ងន់ធ្ងរសន្លប់ឈឹងនៅកន្លែង ហើយត្រូវបានរថយន្តគ្លីនិករស្មី ដឹកយកទៅសង្រ្គោះ តែបានស្លាប់ រួចខាងគ្លីនិកបានដឹកបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ រួចទើបដឹកវិលត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីកុំឲ្យថាជនរងគ្រោះស្លាប់ក្នុងគ្លីនិក បន្ទាប់ពីរថយន្តបែនដឹកដី បើកបត់ឆ្លងផ្លូវទៅបុកម៉ូតូសេ១២៥ កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី កែងផ្លូវចូលមូលដ្ឋានកងទ័ពការពារអាកាសភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកហុីយ៉ាន់ ពណ៌ខៀវ បែនកង់៦ ពាក់ស ស្លាកលេខភ្នំពេញ 3B-1614 ដឹកដីពេញរថយន្ត អ្នកបើកបរមិនស្គាល់ឈ្មោះ ។ ចំណែកភាគីម៉ូតូរងគ្រោះ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1C-0050 បើកបរដោយបុរសចំណាស់ម្នាក់ មិនស្គាល់ឈ្មោះ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរបែកក្បាលសន្លប់ឈឹង ហើយត្រូវបានស្លាប់ពេលដែលរថយន្តគ្លីនិករស្មី ដឹកយកទៅសង្រ្គោះ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកពីលិចទៅកើត ឆ្លងផ្លូវចូលផ្លូវភូមិព្រៃទា តែជ្រុលទៅបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិករស្មី ហៅខឹម រ៉ានី មកដឹកបញ្ជូនទៅសង្រ្គោះ តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ដាច់ខ្យល់ស្លាប់បាត់ ទើបខាងគ្លីនិកដឹកតាមរថយន្តមិនហ៊ានទុកនៅក្នុងគ្លីនិក ប្រើស្នៀតដឹកសាកសពទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីកុំឲ្យគេថា ជនរងគ្រោះស្លាប់ក្នុងគ្លីនិក រួចទើបដឹកសាកសពវិលមកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចពិនិត្យស្លាកស្នាម និងស្រាវជ្រាវរកសាច់ញាតិ ។
តាមនគរបាលបានប្រាប់ថា ជនរងគ្រោះរងរបួសធ្ងន់ពេក ទើបខាងគ្លីនិករស្មី ដឹកតាមរថយន្តទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយបានស្លាប់។ ការនិយាយប្រាប់របស់នគរបាល ដូចជាបង្វែរស្ថានការណ៍នៃការស្លាប់របស់ជនរងគ្រោះទៅវិញ ។
ចំណែកឯរថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕