Wednesday, September 24, 2025
Homeព័ត៌មានជាតិរថយន្តដឹកមាន់បុករថយន្តក្រឡុកស៊ីម៉ងត៍ពីក្រោយ ​ស្លាប់ម្នាក់ របួស២នាក់

រថយន្តដឹកមាន់បុករថយន្តក្រឡុកស៊ីម៉ងត៍ពីក្រោយ ​ស្លាប់ម្នាក់ របួស២នាក់

​ភ្នំពេញ ៖ រថយន្តដឹកមាន់បើកលឿនពេកបុកពីក្រោយរថយន្តក្រឡុកស៊ីម៉ង់ត៍ បម្រុងឈប់អែបតាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យព្រូម្នាក់ស្លាប់ក្នុងរថយន្ត និងជ្រុះមាន់ដើរតាមផ្លូវ ហេតុ​ការណ៍​នេះបង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៤​ទៀបភ្លឺ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខរោងចក្រក្រឡុកស៊ីម៉ង់ត៍អូដ្ឋ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ។

បុរសជាព្រូដែលស្លាប់នៅក្នុងរថយន្តមានឈ្មោះ ទៀប នី ភេទប្រុស អាយុ១៧ឆ្នាំ ជាព្រូឡានដឹកមាន់ ស្នាក់នៅផ្ទះជួល ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។

បើកតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បើកបររថយន្តក្រឡុកស៊ី​ម៉ង់ត៍មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបន្ថយល្បឿនអែបទៅចិញ្ចើមផ្លូវ បម្រុងឈប់​ ​ស្រាប់តែមានរថយន្តបើកមកពីក្រោយមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២T-៧៧៥២ ជាប្រភេទរថយន្តកូរ៉េមួយតោនកន្លះ ដឹកមាន់កសិកម្ម ​បើកបរដោយបុរសម្នាក់ និងព្រូពីរនាក់រួមដំណើរជាមួយ ​ទើបតែដឹកមាន់មកពីខេត្តកំពង់ស្ពឺ ដឹកយកទៅដាក់នៅម្តុំគីឡូលេខ៩ ​ខណ្ឌឬស្សីកែវ បើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ ​ក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉េខ្ទេចខាងមុខទាំងស្រុង ធ្វើឲ្យព្រូម្នាក់កៀបជាប់ក្នុងរថយន្តស្លាប់ និងម្នាក់​ទៀតរងរបួសស្រាល រីឯអ្នកបើករថយន្តដឹកមាន់ មិនមានរងរបួសទេ ភ្លាមៗនោះ​រថយន្តក្រឡុកស៊ីម៉ង់ត៍មិនបានឈប់ទេ បានព្យាយាមបើករត់គេច ត្រូវបានបុរសជាអ្នកបើករថយន្តដឹកមាន់ ជិះម៉ូតូឌុប​ដេញតាមរហូតដល់ម្តុំស្ពានទី១១ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ទើបស្ទាក់ចាប់បានតៃកុងរថយន្តនិងរថយន្តបាន។

ក្រោយពេលកើតហេតុបុរសជាព្រូ​ដែលរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកហុងហាក់ ។ ដោយឡែករថយន្តទាំងពីរគ្រឿង រួមទាំងតៃកុងរថយន្តក្រឡុកស៊ីម៉ង់ត៍ ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយា​ល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយជនរងគ្រោះនៅពេលក្រោយ រីឯមាន់ដែលជ្រុះដើរតាមផ្លូវ និងនៅលើរថយន្ត ត្រូវបានម្ចាស់យករថយន្តមួយគ្រឿងទៀត មកដឹកយកទៅឲ្យម៉ូយបន្តទៀត ។ ចំណែក​សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើត៕

RELATED ARTICLES