ភ្នំពេញ ៖ រថយន្តហាយលែនឌឺ បើកបរមិនគោរពស្លាកចរាចរណ៍ បានជ្រុលទៅបុករថយន្តតាក់ស៊ីម៉ែត្រ នៅចំណុចផ្លូវបំបែកជាប្រាំ បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាង ហើយរថយន្ត ដែលមិនគោរពស្លាកចរាចរណ៍បានទាមទារសំណង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយវត្តមហាមន្ត្រី ផ្លូវ១៩៣កែងនិងផ្លូវ២៨៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តតាក់ស៊ីម៉ែត្រ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2R-5782 បានធ្វើដំណើរតាមផ្លូវ១៩៣ ក្នុងទិសដៅជើងទៅត្បូង ដោយដឹកភ្ញៀវម្នាក់ ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាប្រាំ ស្រាប់តែមានបុរសម្នាក់វ័យ៣០ឆ្នាំ មិនដឹងថាចេញពីផឹកស៊ីវិញនៅកន្លែងណានោះទេ បានបើករថយន្ដបង្កម៉ាកហាយលែនឌឺ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AO-0286 ធ្វើដំណើរតាមផ្លូវ២៨៤ ក្នុងទិសដៅពីកើតទៅលិចក្នុងស្ថានភាពស្រវឹង ហើយល្បឿនលឿន ព្រមទាំងមិនគោរពស្លាកសញ្ញាចរាចរណ៍ផងនោះ បានជ្រុលទៅបុករថយន្តតាក់ស៊ីចំពីមុខចំហៀងឆ្វេងពេញទំហឹងបណ្តាលឲ្យរថយន្តតាក់ស៊ី រងការខូចខាត ក្រពិតមុខចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់អ្នកជិះក្នុងរថយន្តនោះទេ ។ ចំណែករថយន្តហាយលែនឌឺវិញ រងការខូចខាត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សដូចគ្នា។
បន្ទាប់ពីកើតហេតុបុរសជាអ្នកបើករថយន្តហាយលែនឌឺ មិនគោរពស្លាកសញ្ញាចរាចរណ៍ផងនោះបានទារសំណងពីខាងរថយន្តតាក់ស៊ីម៉ែត្រ ចំនួន៥០ដុល្លារ តែពេលនោះខាងរថយន្តតាក់ស៊ីម៉ែត្រ អត់សង ដោយសារតែរថយន្តហាយលែនឌឺ បើកបុករថយន្តរបស់គេហើយ ព្រមទាំងមិនគោរពស្លាកសញ្ញាចរាចរណ៍ និងស្រវឹងផងនោះ មិនដឹងខ្លួនខុសហើយ បានទារសំណងទៀត ។
ក្រោយពេលកើតហេតុ ដោយសារការសម្រួលគ្នាអត់ត្រូវ រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ់ធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ធានខណ្ឌចំការមន ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕