ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ មានវិបត្តិគ្រួសារ សម្រេចចិត្តយកកូនកាំបិតអារកសម្លាប់ខ្លួនក្នុងរោងកម្មករសំណង់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០១៧ នៅចំណុចរោងកម្មករសំណង់ តាមផ្លូវបើកថ្មី ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ ដៀង ណាវីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករសំណង់កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង របួសរយះកដោយសារយកកូនកាំបិតអារកខ្លួនឯង ។
តាមសម្តីបុរសម្នាក់មានឈ្មោះ ស៊ឹម តុលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅរោងកម្មករសំណង់ជាមួយបុរសរងគ្រោះ មានស្រុកកំណើតនៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មុនកើតហេតុគាត់បានដេកហើយក៏ឮសូរបុរសរងគ្រោះរអ៊ូពាក់ព័ន្ធនឹងក្រុមគ្រួសារ បន្ទាប់មកសំឡេងបុរសរងគ្រោះស្រែកយំក៏ចូលបន្ទប់ ឃើញសុទ្ធតែឈាមចេញពីក ដោយបុរសរងគ្រោះបានយកកូនកាំបិតអារកសម្លាប់ខ្លួន ភ្លាមៗនោះគាត់បានស្រែកឲ្យកម្មករផ្សេងទៀត នាំគ្នាលើកបុរសរងគ្រោះចេញពីកន្លែងកើតហេតុដាក់លើរ៉ឺម៉កម៉ូតូយកទៅសង្រ្គោះនៅមន្ទីរពេទ្យអន្តរជាតិខេមា តែស្ថានភាពធ្ងន់ធ្ងរពេក បានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលអារកសម្លាប់ខ្លួនខាងលើនេះ គ្រាន់តែដឹងថា មាន វិបត្តិក្នុងគ្រួសារ តែមិនដឹងថា មានបញ្ហាសេដ្ឋកិច្ច ឬក៏ពាក់ព័ន្ធនឹងរឿងអ្វីឲ្យពិតប្រាកដទេ ពី ព្រោះជនរងគ្រោះគ្រាន់តែបង្ហើបថា គេមានវិបត្តិក្នុងគ្រួសារតែប៉ុណ្ណោះ ទើបដាច់ចិត្តសម្លាប់ ខ្លួនតែម្តង ៕