ភ្នំពេញ៖ បុរសម្នាក់កំពុងផឹកស៊ីជាមួយមិត្តភក្តិ ត្រូវជនដៃដល់ចូលទៅកាប់ និងវាយ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចិញ្ចើមផ្លូវវ៉េងស្រេង ទល់មុខខារ៉ាអូខេឌីយ៉ាម៉ង់ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ សំ រិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់ ស្នាក់នៅភូមិត្រពាំងថ្លឹង មានស្រុកកំណើតនៅភូមិគោកខ្ចក ឃុំស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
បើតាមសំដីជនរងគ្រោះបាននិយាយថា ជនបង្កខាងលើគឺធ្លាប់ស្គាល់គ្នា ហើយស្គាល់ដល់បន្ទប់ស្នាក់នៅផងដែរ ។
តាមប្រភពព័ត៌មានពីអ្នកលក់ក្បាលជ្រូកអាំង នៅតាមចិញ្ចើមផ្លូវវ៉េងស្រេង បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញជនរងគ្រោះមកផឹកស៊ីនៅកន្លែងរបស់គាត់ ដោយ អង្គុយផឹកស្រាថ្នាំ ក្លែមក្បាលជ្រូកអាំង មានគ្នា៥នាក់ លុះកំពុងផឹកស៊ីៗ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង បានមកទិញសាច់ជ្រូកអាំងរបស់គាត់ ដោយប្រើពាក្យថា បងអ្នកលក់ទិញសាច់មួយប្រអប់ ពេលនោះគាត់ឆ្លើយថា ចាំបន្តិចសិន ហើយជនសង្ស័យដែលជាជនបង្កខាងលើបាននិយាយថា អីចឹងបងឯងយកលុយសិនទៅ ចាំខ្ញុំត្រឡប់មកវិញ ចាំខ្ញុំចូលយក ។
ប្រភពដដែលបានបន្តទៀតថា លុះជនបង្កខាងលើមកយកសាច់មានគ្នា៣នាក់ ជិះម៉ូតូ៣គ្រឿង ជនបង្កខាងលើដែលជាអ្នកទិញសាច់បានយកកាំបិតបុ័ងតោចូលទៅកាប់ជនរងគ្រោះដែលកំពុងអង្គុយផឹកជាមួយមិត្តភក្តិ ហើយជនបង្កចូលជិតដល់ ជនរងគ្រោះបានងើបគេច និងរងតទល់ជាមួយជនបង្ក បន្ទាប់មកបក្ខពួកជនបង្ក២នាក់ទៀត ប្រដាប់ដោយ
ច្រវាក់សោម៉ូតូទាំង២នាក់ បានវាយមួយច្រវាក់ចំក្បាល បណ្តាលឲ្យដួល ហើយជនរងគ្រោះបាន យកដៃរង ត្រូវជនបង្កកាប់មួយកាំបិត ចំដៃខាងស្តាំ បណ្តាលឲ្យរយះហូរឈាមកក្លាក់ ចំណែកភាគីបង្កខាងលើបានឡើងម៉ូតូរត់គេចខ្លួនបាត់ ចំណែកមិត្តភក្តិជនរងគ្រោះ៤នាក់ខាងលើដោយមិនបានជួយជនរងគ្រោះឡើយ បានតែត្រឹមតែឈរមើល។
ក្រោយពេលកើតហេតុជនរងគ្រោះទៅប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ឲ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ តែសមត្ថកិច្ចបានទៅដល់បន្ទប់ជួលជនបង្ក ស្រាប់តែបន្ទប់ជនបង្កខាងលើបានចាក់សោរពីខាងក្រៅ មិននៅក្នុងបន្ទប់ជួលទេ ។ បន្ទាប់មកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យឯកជនជិតកន្លែងកើតហេតុផងដែរ ៕