Friday, September 26, 2025
Homeព័ត៌មានជាតិសង្ស័យអត់មានលុយបើកឲ្យកម្មករ ថៅកែចិនលួចដឹកយកសម្ភារៈចេញអស់ ហើយរត់គេចខ្លួនបាត់

សង្ស័យអត់មានលុយបើកឲ្យកម្មករ ថៅកែចិនលួចដឹកយកសម្ភារៈចេញអស់ ហើយរត់គេចខ្លួនបាត់

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង យីហោ សុីនហាវ ដែលមានទីតាំងស្ថិតនៅតាមផ្លូវភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្ស័យថៅកែគ្មានលុយបើកឲ្យកម្មករ ប្រើល្បិចបោកបញ្ឆោតសន្តិសុខ លួចដោះយកក្បាលម៉ាសុីនដេរ សម្ភារៈអស់មួយចំនួនធំ ហើយរត់គេចខ្លួនបាត់ ធ្វើឲ្យកម្មករ១៦០នាក់ផ្អើលឆោឡោ ពេលដែលនាំគ្នាចូលធ្វើការនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ ស្រាប់តែគ្រឿងម៉ាសុីនក្នុងរោងចក្របាត់អស់រលីង កម្មករបានត្រឹមមើលមុខគ្នាហួសចិត្ត ។

តាមកម្មករបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ សុីនហាវ ខាងលើ មានថៅកែជាជនជាតិចិន ធ្វើការងាររាល់ថ្ងៃកម្មករមិនបានចាប់អារម្មណ៍ ខណៈដែលធ្វើការពេញ១ខែ ដល់ថ្ងៃបើកលុយឈ្នួល ស្រាប់តែថៅកែចិនលួចដោះយកគ្រឿងម៉ាសុីនអស់មួយចំនួនធំ ហើយរត់គេចទៅបាត់។ កម្មករបន្តទៀតថា កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ បន្ទាប់ពីកម្មកររោងចក្រ ចូលមកធ្វើការងារ មេការកម្មករគ្រាន់តែបើកទ្វារភ្លាម មើលក្នុងអាគារ ស្រាប់តែបាត់ក្បាលម៉ាសុីនដេរអស់ សល់តែជើង ទើបកម្មករភ្ញាក់ផ្អើល ដឹងថាថៅកែខ្លួនរត់គេចបាត់ហើយ ។

តាមបុរសម្នាក់ជាសន្តិសុខយាមប្រចាំរោងចក្រខាងលើ ឈ្មោះ វ៉ុន ឌឿន អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម មានស្រុកកំណើតនៅភូមិតាឥន្ទ សង្កាត់កំបូល បានឲ្យដឹងថា ប្រាក់ឈ្នួលគាត់២ខែមកហើយ ថៅកែមិនទាន់បើកឲ្យ មកដល់យប់ថ្ងៃទី០៨ ខែកញ្ញា មិនបានចាប់អារម្មណ៍ ថៅកែក្បត់បែបនេះ នៅវេលាម៉ោង៨និង៣០នាទីយប់ ថៅកែចិនម្នាក់ បានប្រាប់និងនាំខ្លួនឲ្យទៅជួយលើកកាតុង នៅឯស្រុកកៀនស្វាយ ខេត្តកណ្តាល រហូតដល់វេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី០៩ ខែកញ្ញា ទើបវិលត្រឡប់មករោងចក្រវិញ ហើយចូលសម្រាកនៅក្នុងប៉ុស្តិ៍យាមជាធម្មតា មិនបានចាប់អារម្មណ៍ រឿងបោកបញ្ឆោត នាំខ្លួនទៅឆ្ងាយ ជាលេសលួចប្រមូលអីវ៉ាន់ចេញបែបនេះឡើយ សោរទ្វារអាគារចាក់បិទជាធម្មតា តែមានម៉ាសុីនដេរចំនួន១១គ្រឿង ឃើញនៅក្រៅ ហើយជនជាតិចិនប្រាប់ថា ម៉ាសុីនខូច លុះដល់វេលាម៉ោង២អធ្រាត្រដដែល ជនជាតិចិនរូបនោះបើករថយន្តចេញទៅបាត់ ទុកឲ្យខ្លួនដេកយាមម្នាក់ឯង  រហូតដល់ព្រឹកថ្ងៃទី០៩ ខែកញ្ញា មេការកម្មករចាក់សោរទ្វារ ដើម្បីឲ្យកម្មករចូលធ្វើការ ស្រាប់តែបាត់ក្បាលម៉ាសុីនដេរអស់រលីងពីក្នុងរោងចក្រ ទើបឆោឡោផ្អើលកម្មករទាំង១៦នាក់ ។

ក្រោយពីថៅកែរត់បាត់ លួចដឹកទាំងទ្រព្យសម្បត្តិចេញអស់មួយចំនួនធំ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា សមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម ចុះទៅអន្តរាគមន៍ ចៀសវាងកម្មករប្រើហិង្សាណាមួយ ប៉ះពាល់ដល់អាគារ ដល់ទ្រព្យសម្បត្តិសេសសល់បន្តិចបន្តួច រង់ចាំគណៈកម្មការចុះមកពិនិត្យផ្ទាល់៕

RELATED ARTICLES