កណ្ដាលៈ បុរសជាកូនចិត្តខ្លាំងម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលសុំលុយឪពុកដែលជាជនពិការមិនបាន ដើម្បីយកទៅផឹកស៊ី ក៏ស្ទុះទាញយកដំបងដេញវាយទៅលើឪពុករបស់ខ្លួនផ្អើលពេញភូមិ បង្កឲ្យមានការឆោឡោឡើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកហង់ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់ វ៉េត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូន) ។ ចំណែកជនរងគ្រោះឈ្មោះ វង វ៉ាន់ អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាឪពុកជនសង្ស័យ) ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិព្រែកហង់ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមានដំបងឈើប្រេងខ្យល់ ចំនួន១កំណាត់ ប្រវែង១០០ស.ម ទំហំប៉ុនកំភួនដៃ ។ ដោយឡែកទ្រព្យសម្បត្តិខូចខាតមានពាងទឹកចំនួន២ ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះជាឪពុកជនសង្ស័យ បានឲ្យដឹងថា កន្លងមកជនសង្ស័យជាមនុស្សផឹកស៊ីស្រវឹងជាញឹកញាប់ ហើយខណៈដែលស្រវឹងម្ដងៗតែងរករឿងជាមួយឪពុកនិងបំផ្លាញទ្រព្យសម្បត្តិផ្សេងៗទៀតផង ។ លុះរហូតនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានសុំលុយឪពុករបស់ខ្លួនចំនួន១០ម៉ឺនរៀល ដោយនិយាយកុហកឪពុករបស់ខ្លួនថា យកទៅធ្វើសោហ៊ុយទៅធ្វើការនៅភ្នំពេញ ភ្លាមនោះជនរងគ្រោះជាឪពុកក៏ឲ្យលុយទៅជនសង្ស័យជាកូនភ្លាម ។ លុះជនសង្ស័យបានលុយហើយ ស្រាប់តែយកលុយដែលជាកម្លាំងញើសឈាមរបស់ឪពុកជាជនពិការខំរកនោះ ទៅបបួលមិត្តភក្តិផឹកស៊ីអស់គ្មានសល់ ហើយមិនទៅភ្នំពេញនោះទេ ។
ប្រភពដដែលបានបន្តទៀតថា មកដល់វេលាម៉ោងប្រមាណ៤ល្ងាច ជនសង្ស័យបានត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្តិវិញ មានសភាពស្រវឹងស្រាជោគជាំ រួចក៏បានសុំលុយឪពុករបស់ខ្លួនចំនួន១ម៉ឺនរៀលបន្ថែមទៀត ដើម្បីយកទៅផឹកស៊ីបន្ត តែជនរងគ្រោះជាឪពុកគ្មានលុយឲ្យនោះទេ ដោយសុំលុយមិនបាន ស្រាប់តែជនសង្ស័យក៏ស្ទុះទាញដំបងឈើដើមប្រេងខ្យល់មកដេញវាយទៅលើឪពុករបស់ខ្លួន ឃើញដូច្នោះ ជនរងគ្រោះក៏រត់គេច ហើយជនសង្ស័យក៏ទៅវាយពាងទឹក បណ្ដាលឲ្យបែកខូចចំនួន២ផងដែរ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់កុងធ្វើការចាប់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕សិលា