ភ្នំពេញ ៖ បុរសម្នាក់មានជំងឺរវើរវាយ បានដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិអង្គ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។
បុរសចងកមានឈ្មោះ ប៉ោ ផលណាន់ អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅផ្ទះលេខ៤៦៣ ក្រុមភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមសំដីប្អូនស្រីពៅរបស់បុរសចងក មានឈ្មោះប៉ោ រស្មី អាយុ១៤ឆ្នាំ មុខរបរសិស្ស បាននិយាយថា នៅមុនពេលកើតហេតុគាត់បានដើររកបងប្រុសមកហូបបាយ តែរកមិនឃើញ ហើយបានមករកបងនៅខាងលើផ្ទះ ក៏រកមិនឃើញទៀត នាងបានបើកភ្លើងបំភ្លឺបន្ទប់របស់បងប្រុសខ្លួន ស្រាប់តែឃើញបងប្រុសបានចងកស្លាប់បាត់ទៅហើយ ភ្លាមៗនោះក៏បានស្រែកហៅម្តាយ និងស្រែកឲ្យនាក់នៅក្បែរនោះមកជួយ ហើយបានប្រជាពលរដ្ឋបាននាំគ្នាមកកាត់ខ្សែភ្លើងដែលចងនិងផ្ទោងស័ង្កសីបន្ទប់ខាងក្រោយផ្ទះ ពេលកាត់ទម្លាក់មកដល់ក្រោម បងប្រុសរបស់នាងបានស្លាប់បាត់ទៅហើយ។
តាមប្រភពព័ត៌មានពីម្តាយនិងឪពុករបស់បុរសចងក បាននិយាយថា កូនរបស់គាត់មានចំនួន៥នាក់ (ស្រី២នឹងប្រុស៣នាក់) បុរសចងកជាកូនទី២ ក្នុងគ្រួសារ កូនប្រុសរបស់គាត់ទើបតែប៉ុន្មានថ្ងៃកន្លងមកនេះ តែងតែរវើរវាយ និងបានប្រាប់ទៅឪពុកខ្លួនថា គាត់មិនសូវស្រួលខ្លួនឡើយ ចេះតែឈឺក្បាលខ្លាំង ហើយបានប្រាប់ឪពុកថា រូបគាត់ត្រូវគេធ្វើអំពើតាមបែបផ្លូវងងឹត ដោយត្រូវរបស់គ្រូជនជាតិចាម តែឪពុកខ្លួនមិនជឿឡើយ ហើយបានប្រាប់កូនថា បើកូនឈឺក្បាលលេបថ្នាំទៅបាត់ហើយ តែកូនរបស់គាត់មិនព្រមលេបឡើយ ទាល់តែកូនបានចងកស្លាប់ ទើបស្តាយក្រោយ។
ក្រោយពេលកើតហេតុកម្លាំងប៉ុសិ៍្តនគរបាលចោមចៅ និងជំនាញខណ្ឌពោធិ៍សែនជ័យ បានពិនិត្យមើលសពខាងលើ ពិតជាចងកសម្លាប់ខ្លួនប្រាកដមែន ហើយបានធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសានៃសពដើម្បីធ្វើបុណ្យតាមប្រពៃណី ៕