ភ្នំពេញ ៖ ជាងចម្លាក់ឈើ២នាក់ ត្រូវជនដៃដល់កាប់បែកក្បាលដេកដួលនៅមុខផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីរវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១០៥ ត្រង់ចំណុចផ្ទះលេខ៨ ស្ថិតក្នុងក្រុម២៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
ជនរងគ្រោះទី១ មានឈ្មោះឈុន រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងចម្លាក់ឈើ ស្នាក់នៅផ្ទះកើតហេតុផ្លូវ១០៥ សង្កាង់បឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល របួសក្បាលដេរ១៩ថ្នេរ ។ ជនរងគ្រោះទី២ មានឈ្មោះធឿន ភេទប្រុស អាយុ៣២ឆ្នាំ ធ្វើការនិងស្នាក់នៅផ្ទះជាមួយគ្នា មានស្រុកកំណើតនៅខេត្តតាកែវ របួសក្បាលដេរ១០ថ្នេរ ។
យោងតាមសម្តីផ្ទាល់ជនរងគ្រោះឈ្មោះ ឈុន រិទ្ធី បាននិយាយឲ្យដឹងថា នៅពេលដែលគាត់ធ្វើការចប់ ហើយបានបបួលគ្នាទិញស្រាបៀរយកមកផឹកជាមួយជាង និងថៅកែ ជាងចម្លាក់មានគ្នីគ្នាសរុប៧នាក់ ផឹកនៅមុខផ្ទះកើតហេតុ ។ លុះពេលផឹកស៊ីស្រវឹងហើយ បានបែកគ្នារៀងខ្លួន នៅសល់តែរូបគេនៅអង្គុយជក់បារីនៅមុខផ្ទះ ចំណែកថៅកែនៅក្នុងផ្ទះ ខណៈពេលកំពុងតែអង្គុយជក់បារី ស្រាប់តែលេចមុខជនបង្កមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា គុប ស៊េរីចាស់ មកដល់បានដើរចូលទៅវាយ និងកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ ហើយជនបង្កចេញទៅបាត់មួយសន្ទុះបានត្រឡប់មកវិញ ឃើញជនរងគ្រោះឈ្មោះធឿន បានវាយទៅលើឈ្មោះធឿន បណ្តាលឲ្យរងរបួសម្នាក់ទៀត ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន រិទ្ធី ទើបតែមកធ្វើការបានមួយខែកន្លះតែប៉ុណ្ណោះ ចំណែកជនរងគ្រោះឈ្មោះ ធឿន ធ្វើការនៅកន្លែងកើតហេតុយូរមកហើយ ក៏ត្រូវជនដៃដល់វាយ និងកាប់រងរបួសដេកដួលនៅមុខផ្ទះបានរថយន្តសង្គ្រោះរបស់គ្លីនិកសុខលាភ មេត្រី ដឹកយកទៅព្យាបាល ។
ក្រោយពេលកើតហេតុខាងសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគម៍សួរនាំជនរងគ្រោះ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមផ្លូវច្បាប់ ៕