ភ្នំពេញ ៖ រថយន្តសាំងយ៉ុងមួយតៃកុង បើកបរក្នុងស្ថានភាពងងុយដេកបានរេចង្កូត ជ្រុលទៅបុក បានជ្រុលទៅបុកស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យបាក់អស់មួយដើម ហើយរថយន្តមិនទាន់អស់ល្បឿនបានជ្រុលទៅបុកនឹងបុរសម្នាក់ដែលកំពុងតែដើរហាត់ប្រាណ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសថែមទៀត ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ជិតបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យ៣៥ឆ្នាំ បានដើរហាត់ប្រាណតាមចិញ្ចើមផ្លូវតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែរថយន្តម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2C-9050 ជិះគ្នា២នាក់ ទាំងអ្នកបើកបរបានធ្វើដំណើរតាមផ្លូវវ៉េងស្រេង ក្នុងទិសដៅស្របគ្នា តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែរថយន្តបានរេចង្កូតឡើងលើចិញ្ចើមផ្លូវ ខាងស្តាំ ជ្រុលទៅបង្គោលស្លាកសញ្ញាបង្ហាញផ្លូវចរាចរណ៍ បណ្តាលឲ្យបាក់បង្គោលចរាចរណ៍អស់មួយដើម ហើយពេលនោះដែរ រថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុកបុរសដែលកំពុងតែដើរហាត់ប្រាណចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសរូបនោះបោកក្បាល់ទៅនិងកញ្ចក់រថយន្តខាងមុខរងរបួសធ្ងន់ ហើយភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លិនិចសួគា៍ ។ ដោយឡែករថយន្តវិញរងការខូចខាតបែកកញ្ចក់ខាងមុខ និងក្រពិតផ្នែកខាងមុខបន្តិចបន្តួច តែមិនមានគ្រោះថ្នាក់ដល់មនុស្សនៅក្នុងរថយន្តនោះទេ។
ដោយឡែកអ្នកបើករថយន្តវិញបានឲ្យដឹងថា ពួកគាត់មានគ្នាពីរនាក់ បានបើករថយន្តខាងលើ ចេញពីដឹកផ្លែឈើនៅផ្សារនាគមាស ហើយគោលបំណងទៅយកមូយម្នាក់ នៅម្តុំផ្លូវវ៉េងស្រេង រួចហើយបានបន្តដំណើរទៅខេត្តស្វាយរៀង តែដោយសារតែរូបគាត់ងងុយដេកពេក ក៍ងោកមួយភាំង ទើបរថយន្តបានរេចង្កូតឡើងចិញ្ចើមផ្លូវបុកគេបុកឯងបែបនេះ ។
ក្រោយពេលកើតហេតុ ឃើញមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញ់បានចុះទៅដល់កន្លែងកើតហេតុ រួចហើយបានធ្វើវាស់វែងយករថយន្ត និងអ្នកបើកបរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីធ្វើការដោះស្រាយ៕