ភ្នំពេញ ៖ បុរសជនជាតិន័រវេរ វ័យចំណាស់ម្នាក់ចេញពីផឹកស៊ីស្រវឹងស្រាដើរទៅវ៉ៃកញ្ចក់ដែលមានបិទរូបសម្តេចហ៊ុន សែន នៅមុខគណបក្សប្រជាជនកម្ពុជា ទល់មុខសាលាខណ្ឌដូនពេញ
បណ្តាលឲ្យបែកកញ្ចក់មុតដៃហូរឈាម ហើយហែករូបគណបក្សប្រជាជនកម្ពុជា និងរូបថតសម្តេចតេជោ ហ៊ុន សែន ចោលទៀត ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តាយផ្លូវព្រះមុនីវង្ស នៅចំណុចផ្ទះសំណាក់មុនីវង្ស ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសដែលវាយកញ្ចក់ទូដាក់រូបថតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរូបសម្តេចពញ្ញាចក្រី ហេង សំរិន មានឈ្មោះ GISLE REIKVAR ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះសំណាក់មុនីវង្ស ជាន់ទី៣ បន្ទប់លេខ៣៣៣៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសវ័យចំណាស់ម្នាក់ជាជនជាតិន័រវេរ មិនដឹងថា គាត់ចេញមកពីផឹកស៊ីនៅកន្លែងណាទេ ក្នុងស្ថានភាពស្រវឹងស្រាដើរមកដល់មុខគណបក្សប្រជាជនកម្ពុជា នៅទល់មុខសាលាខណ្ឌដូនពេញ បានវាយកញ្ចក់ដែលមានដាក់តាំងរូបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរូបសម្តេចពញ្ញាចក្រី ហេង សំរិន បណ្តាលឲ្យបែកកញ្ចក់ មុតដៃរយះហូរឈាមពេញខ្លួន ហើយបានហែក រូបគណបក្សប្រជាជន និងហែករូបសម្តេចតេជោមួយសន្លឹក ទើបបុរសខាងលើបានរត់ចូលទៅក្នុងផ្ទះសំណាក់មុនីវង្ស ដែលគាត់ជួលស្នាក់នៅទាំងខ្លួនប្រឡាក់សុទ្ធតែឈាម បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន រួមទាំងខាងមន្ត្រីសាលាខណ្ឌ បាននាំគ្នាចុះមកកន្លែងកើតហេតុដើម្បីធ្វើការអន្តរាគមន៍ និងសួរនាំ ហើយជនជាតិបរទេសនោះបានប្រាប់សមត្ថកិច្ចថា គាត់មិនមានបំណងវ៉ៃកញ្ចក់ទូទេ គឺមកពីគាត់ស្រវឹងស្រា ហើយដើរទៅដួលចំកន្លែងនោះទេ ទើបគាត់ភ័យពេករត់គេចតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានដឹកយកជនជាតិបរទេសនោះ ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕