ដោយសម្លឹងឃើញពីតម្រូវការ និងក្តីបារម្ភរបស់សិស្សនិស្សិត ដែលត្រូវបន្តការសិក្សានៅថ្នាក់ឧត្តម ទើបក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា Directions Advertising បានរៀបចំវេទិកាឧត្តមសិក្សា កម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ ដ៏ធំ និងដំបូងគេនៅកម្ពុជាដែលមានរយៈពេល 3 ថ្ងៃចាប់ពី 29-30 កញ្ញា រហូតដល់ 1 តុលា នៅអគារកោះពេជ្រ ដែលបញ្ចប់ទៅដោយភាពជោគជ័យ។
នៅអំឡុងព្រឹត្តិការណ៍នេះ សិស្សនិស្សិត និងឪពុកម្តាយទាំងអស់ បានជួបជាមួយតំណាងនៃបណ្តាសាកលវិទ្យាល័យជាតិ និងអន្តរជាតិ ដែលផ្តល់នូវជម្រើស និងឱកាសសម្រាប់យុវជនកម្ពុជា អាចស្វែងយល់អំពីកម្មវិធីសិក្សា និងចំណុចសំខាន់ៗចាំបាច់សម្រាប់ការសម្រេចចិត្តដែលមានឥទ្ធិពលដល់អនាគតរបស់ពួកគេ។
សិស្សនិស្សិត ឪពុកម្តាយ អ្នកតំណាងសកលវិទ្យាល័យ មហាវិទ្យាល័យ ព្រមទាំងអ្នកតំណាងក្រុមហ៊ុនធំៗសរុបជាង ១ ម៉ឺននាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះដើម្បីទទួលយក និងផ្តល់ជូននូវសេវាកម្ម និងផលិតផលពាក់ព័ន្ធនឹងវិស័យអប់រំ។ ចំណុចលេចធ្លោបំផុតមួយនៃវេទិកានេះគឺ មានការចូលរួមពីប្រភពផ្សេងៗគ្នាជាច្រើនរួមមាន លោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ អ្នកជំនាញ និងអ្នកឯកទេស ដែលបានចែករំលែកនូវបទពិសោធន៍ទៅដល់សិស្សនិស្សិត ដែលកំពុងត្រូវការជាចាំបាច់នូវព័ត៌មានអំពីអាជីពដែលសមស្របនឹងទីផ្សារការងារ រួមជាមួយការអភិវឌ្ឍន៍ផ្សេងៗ។ ក្នុងនោះក៏មានវេទិកាពិភាក្សាតាមរយៈសំណួរ-ចម្លើយដែលបានបង្ហាញឲ្យឃើញពីចំណាប់អារម្មណ៍ និងការយល់ដឹងកម្រិតខ្ពស់ពីសំណាក់យុវជនកម្ពុជាផងដែរ។
“យើងពិតជារីករាយណាស់ ដោយអ្នកចូលរួមទាំងអស់ពេញចិត្តនឹងវេទិកានេះតាមរយៈការទទួលបានទទួលនូវចំណេះដឹង និងព័ត៌មានប្រកបដោយគុណប្រយោជន៍។” លោក គង់ សុជាតិ អ្នកគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន Directions Advertising មានប្រសាសន៍។ លោកបានបន្ថែមទៀតថា “យើងបានធ្វើសម្ភាសន៍ដោយផ្ទាល់ជាមួយសិស្សនិស្សិត និងឪពុកម្តាយដែលបានចូលរួមក្នុងវេទិកានេះ ពីចំណាប់អារម្មណ៍របស់ពួកគាត់ ហើយចម្លើយដែលយើងទទួលបានគឺ “វិជ្ជមាន”។ ពួកគាត់បានលើកឡើងថា វេទិកាឧត្តមសិក្សា កម្ពុជា-អន្តរជាតិ ឆ្នាំ ២០១៧ នេះ ពិតជាបានផ្តល់នូវឱកាសដ៏ទូលំទូលាយ និងចាំបាច់សម្រាប់សិស្សនិស្សិតដែលបានចូលរួម។”
វេទិកា និងកិច្ចពិភាក្សាបានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ដែលរួមមាន ការធ្វើបទបង្ហាញ សកម្មភាពពិសេសៗ ការពិភាក្សាដេញដោលរបស់សិស្សនិស្សិត និងជម្រើសនៃអាជីពជាដើម។ លោក Kevin Phang ប្រធានផ្នែក Account Service នៃក្រុមហ៊ុន ComZone Group ដែលជាអ្នករួមចំណែក ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ក៏បានចូលរួមធ្វើជាវាគ្មិននៅក្នុងវេទិកានេះផងដែរ ដោយលោកបានចែករំលែកនូវចំណេះដឹងលើប្រធានបទដែលទាក់ទងនឹងទិដ្ឋភាពនៃការអភិវឌ្ឍន៍យុទ្ធសាស្រ្ត និងគោលគំនិត នៅក្នុងពិភពនៃការទំនាក់ទំនង នោះគឺ “យុទ្ធសាស្ត្រនៃការគិត ការរៀបចំផែនការ និងការគ្រប់គ្រង”។ លោកបានបន្ថែមថា “អនាគតពិតជាភ្លឺស្វាងណាស់សម្រាប់សម័យកាលនេះ។ វាជាឱកាសពិសេសសម្រាប់ខ្ញុំ ដែលបានជួបពិភាក្សាជាមួយសិស្សនិស្សិត និងបំភ្លឺបង្ហាញដល់ពួកគេអំពី យុទ្ធសាស្រ្តនៃទីផ្សារ និងការទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម”។
ចំណុចដែលគួរឲ្យកត់សម្គាល់មួយទៀតរបស់វេទិកានេះ គឺការចូលរួមសហការពីបណ្តាក្រុមហ៊ុនធំៗជាង ១៥ ក្រុមហ៊ុន ក្នុងនាមជាអ្នកឧបត្ថម្ភ និងតាំងបង្ហាញស្តង់ផ្សព្វផ្សាយ។ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណិតឈានមុខគេមួយនៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមចង់ឱ្យវេទិកានេះក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ។ លោកមានប្រសាសន៍ថា “ក្រុមហ៊ុនយើងជឿជាក់យ៉ាងមុតមាំក្នុងការវិនិយោគជាមួយយុវជន ហើយយើងក៏មើលឃើញដែរថានេះគឺជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញ ថាតើយើងអាចជួយយុវជនតាមរបៀបណា។”
“យើងជឿជាក់ថា ព្រឹត្តិការណ៍បែបនេះពិតជាបានជួយដល់សហគមន៍របស់យើងក្នុងការផ្តល់នូវចំណេះដឹងថ្មីៗ និងរំលឹកយើងអំពីសារសំខាន់នៃវិស័យអប់រំកម្រិតខ្ពស់នៅក្នុងប្រទេសរបស់យើង។” លោកស្រី លឹម ពិសី អគ្គនាយកក្រុមហ៊ុន Directions Advertising ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍នេះបានលើកឡើង។ លោកស្រីបានបន្ថែមទៀតថា៖ “យើងទាំងអស់គ្នាពិតជាមានភាពរីករាយ ដោយវេទិកាដែលយើងរៀបចំឡើង ទទួលបាននូវលទ្ធផលដ៏ល្អបែបនេះ ហើយយើងសូមថ្លែងអំណរគុណចំពោះអាណាព្យាបាល និងសិស្សនិស្សិតទាំងអស់ ដែលបានចូលរួមនៅក្នុងវេទិកាក្នុងព្រឹត្តិការណ៍នេះ។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះក្រុមហ៊ុន និងដៃគូសហការទាំងអស់ដែលបានចំណាយទាំងពេលវេលា ការខិតខំប្រឹងប្រែង និងធនធានផ្សេងៗក្នុងគោលបំណងជួយបង្ហាញផ្លូវដល់សិស្សនិស្សិត ដែលត្រៀមខ្លួនបន្តការសិក្សាថ្នាក់ឧត្តម ដើម្បីធានាថាពួកគេនឹងទទួលបាននូវអនាគតមួយដ៏ប្រសើរ។ បើគ្មានការជួយគាំទ្រពីទាំងអស់គ្នា ព្រឹត្តិការណ៍នេះនឹងមិនអាចដំណើរប្រកបដោយជោគជ័យយ៉ាងដូច្នេះទេ។