ភ្នំពេញ ៖ បុរសម្នាក់កំពុងតែបើករ៉ឺម៉កម៉ូតូបត់ត្រឡប់ក្រោយ ត្រូវរថយន្តដឹកទំនិញបើកលឿនពេក ចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកពេញទំហឹង បណ្តាលឲ្យរ៉ឺម៉កម៉ូតូក្រឡាប់ខ្ទាតទៅចិញ្ចើមផ្លូវ ធ្វើឲ្យអ្នកបើករ៉ឺម៉កម៉ូតូរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចខាងត្បូងក្រុមហ៊ុនវីតាល់ ១០០ម៉ែត្រ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣D-៧២៥២ ជាប្រភេទរថយន្តប្រាំតោនដឹកអីវ៉ាន់ចាប់ហួយ បើកបរដោយបុរសម្នាក់ មានឈ្មោះ សៀង សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់ម្តុំផ្សារដើមគ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកឯរ៉ឺម៉កម៉ូតូរងគ្រោះ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉កម៉ូតូរងគ្រោះបើកបរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងត្រឡប់ក្រោយ ខណៈពេលកំពុងតែបត់ ស្រាប់តែមានរថយន្តបង្កដែលទើបតែដឹកអីវ៉ាន់ចាប់ហួយចេញពីផ្សារដើមគ បំណងដឹកយកទៅខេត្តរតនៈគីរី បានធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ក្នុងល្បឿនយ៉ាងលឿន ចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យក្រឡាប់រ៉ឺម៉ក ខ្ទាតទៅចិញ្ចើមផ្លូវរងរបួសធ្ងន់អ្នកបើករ៉ឺម៉កម៉ូតូ ចំណែករ៉ឺម៉កម៉ូតូខូចខាតស្ទើរទាំងស្រុង ។ រីឯរថយន្តបង្កបែកកញ្ចក់ និងក្រពឹតកាងផ្នែកខាងមុខ ហើយបានព្យាយាមបើករត់គេចបានចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងកើតហេតុ ក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះស្ទាក់ចាប់បានភ្លាមៗ ។
ក្រោយពេលកើតហេតុបុរសរងគ្រោះត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន ដឹកយកទៅ ព្យាបាល ។ ដោយឡែករថយន្តបង្កនិងរ៉ឺម៉កម៉ូតូដែលខូចខាត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នង់ការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕