ភ្នំពេញ ៖ បុរសជាអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ចេញពីផឹកស៊ី ស្រវឹងទោរទន់ បើករ៉ឺម៉កម៉ូតូលឿនពេកជ្រុលទៅបុករថយន្តម៉ាស្តា ស៊េរីឆ្នាំ២០១៨ មួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងការខូចខាត តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ចំណុចផ្លូវសុធារស កែងនិងមហាវិថីព្រះនរោតម្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ បានបើករថយន្តស៊េរីទំនើប ម៉ាកម៉ាស្តា ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5354 ធ្វើដំណើរតាមផ្លូវសុធារស ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានបុរសម្នាក់មិនដឹងថាចេញពីផឹកស៊ីវិញនៅកន្លែងណានោះទេ បានបើករ៉ឺម៉កម៉ូតូធ្វើដំណើរតាមមហាវិថីព្រះនរោតម្ត ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់ស្តាំ ឡើងទៅផ្លូវសុធារស តែដោយសារតែម៉ូតូលឿនពេក ព្រមទាំងអ្នកបើកម៉ូតូស្រវឹងផងនោះ ធ្វើឲ្យម៉ូតូជ្រុលទៅបុករថយន្តម៉ាស្តា ចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត ក្រពិតកាងខាងមុខ និងបែកស្តុបចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់អ្នកជិះក្នុងរថយន្តនោះទេ។ ដោយឡែកខាងរ៉ឺម៉កម៉ូតូវិញ រងការខូចខាតបាក់កាត់តាប៊ូមុខ តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកម៉ូតូដូចគ្នា។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា មិនរំខានដល់សមត្ថកិច្ចទេ ដោយខាងរថយន្តបានឲ្យម្ចាស់រ៉ឺម៉កម៉ូតូយកម៉ូតូទៅបញ្ចាំ បានលុយប៉ុន្មាន ខាងរថយន្តយកប៉ុណ្ណឹង ពេលនោះដែរ ខាងរ៉ឺម៉កម៉ូតូសុខចិត្តយល់ព្រមយករ៉ឺម៉កម៉ូតូទៅបញ្ចាំតាមសំណើររបស់ខាងរថយន្ត ដើម្បីបញ្ចប់រឿង៕