ភ្នំពេញ៖ ជនសង្ស័យ០២នាក់បានធ្វើសកម្មភាពលួចយករថយន្តសាំយ៉ុងមួយគ្រឿង ដោយសុវត្ថិភាព ខណៈម្ចាស់ចតទុកនៅមុខផ្ទះ។ ករណីនេះបង្កការភ្ញាក់ផ្អើកាលពីម៉ោង០១និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅមុខផ្ទះលេខ៥៨ ផ្លូវ៨បេ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ម្ចាស់រថយន្តឈ្មោះអុឹម ម៉េងឃាង អាយុ៤៦ឆ្នាំ មុខរបរបើកបររថយន្តដឹកភ្ញៀវ ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវ៨បេ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ មានស្រុកកំណើតភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
តាមសំដីម្ចាស់រថយន្តបានប្រាប់ថា កាលពីម៉ោង១១យប់ ថ្ងៃទី០៣ ខែតុលាឆ្នាំ២០១៧ ក្រោយពីត្រឡប់មកពីដឹកភ្ញៀវវិញ គាត់បានយករថយន្តរបស់គាត់ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-5634 ចតទុកមុខផ្ទះ ហើយក៍ចូលសម្រាកទៅ រហូតដល់ម៉ោង០១និង៣០នាទី ថ្ងៃទី០៤ ខែតុលា គាត់ក្រោកពីដំណេកគោលបំណងយករថយន្តដឹកភ្ញៀវចេញទៅខេត្តសៀមរាប ស្រាប់តែឃើញបាត់រថយន្តតែម្តង ទើបបង្កឲ្យភ្ញាក់ផ្អើលឡើងតែម្តង។
យោងតាមរូបកាម៉េរ៉ាសុវត្ថិភាពបានឃើញជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពលួចរថយន្តខាងលើ នៅម៉ោង០១និង១៥នាទី មុនម្ចាស់ក្រោកពីដំណេកបន្តិចប៉ុណ្ណោះ ដោយឃើញនាំគ្នារុញចេញមកផ្លូវហើយ ទើបបញ្ឆេះចេញទៅដោយសុវត្ថិភាពតែម្តង។
ក្រោយកើតហេតុម្ចាស់បានត្រឹមកាន់កាតគ្រីរថយន្តមកកាន់ប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង និងឲ្យសមត្ថកិច្ចមូលដ្ឋានជួយស្រាវជ្រាវឲ្យ៕