ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ត្រីផ្កាយមាស១ ខឹងអ្នកបើករថយន្តកុងតឺន័រជិះបញ្ច្រាសទិសដៅចរាចរណ៍ ហើយបត់ចូលរោងចក្រ ក៏ឈប់រថយន្តចុះទៅសួរនាំបែរជាអ្នកបើករថយន្តរត់ចូលរោងចក្របាត់ បង្កឲ្យមានការឈ្លោះប្រកែកជាមួយប្រធានសន្តិសុខរោងចក្រ ត្រូវបានលោកផ្កាយ១យកបំពង់ឧស្ម័នបង្ហូរទឹកភ្នែកបាញ់ដាក់ភ្នែកប្រធានសន្តិសុខរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែតុលាឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ស្ព័រតិច អ៊ិនឌីសសស្រ្តីយ៍ ស្ថិតនៅក្នុងសង្កាត់ប៉ុស្តិ៍គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាឧត្តមសេនីយ៍ត្រីផ្កាយមាស១ បំរើការនៅក្រសួងមហាផ្ទៃ ផ្នែកនាយកដ្ឋានកិច្ចការប៉ុស្តិ៍ បើករថយន្តម៉ាកឡិចស៊ីស470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-6181 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-2238 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបញ្ច្រាសទិសដៅចរាចរណ៍ គោលបំណងបត់ចូលរោងចក្រកាត់ដេរ ស្រាប់តែមានរថយន្តឡិចស៊ីស470 បើកមកកាក់ពីមុខ ធ្វើឲ្យអ្នកបើករថយន្តកុងតឺន័រភ័យពេក ក៏រត់ចូលក្នុងរោងចក្របាត់ ចំណែកឯម្ចាស់រថយន្តឡិចស៊ីសវិញ បានរត់ដេញតាមចូលដល់ក្នុងរោងចក្រ ធ្វើឲ្យប្រធានសន្តិសុខបំរុងបិទទ្វារ ក៏ត្រូវលោកឧត្តមសេនីយ៍ត្រីផ្កាយមាស១ វ៉ៃសន្តិសុខមួយដៃចំមុខ ធ្វើឲ្យប្រធានសន្តិសុខខឹងឃាត់រថយន្តលោកឧត្តមសេនីយ៍ ក៏ត្រូវលោកផ្កាយមួយយកបំពង់ឧស្ម័នបង្ហូរទឹកភ្នែកបាញ់ចំភ្នែកប្រធានសន្តិសុខម្នាក់ បើកភ្នែកលែងរួច ហើយលោកផ្កាយមួយបានបើករថយន្តរត់គេចចុះឡើងទៅដល់មុខអធិការដ្ឋានគរបាលព្រែកព្នៅ ត្រូវសមត្ថកិច្ចឃាត់បាន ប្រគល់ទៅឲ្យខាងប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ ដើម្បីដោះស្រាយ។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា មុនពេលកើតហេតុគាត់បើករថយន្តមកដល់ចំណុចខាងលើ ស្រាប់តែឃើញរថយន្តកុងតឺន័របើកបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿន ហើយបត់ចូលក្នុងរោងចក្រ ដោយមិនមានអ្នកស៊ីញ៉ូរថយន្តទេ ទើបគាត់ឈប់រថយន្តដើម្បី ចុះទៅណែនំាអ្នកបើកបររថយន្តកុងតឺន័រឲ្យបើកបរបញ្រ្ចាសអញ្ចឹងទៀត បែរជាត្រូវសន្តិសុខ យាមរោងចក្រឃាត់មិនឲ្យចូលទៅក្នុងរោងចក្រទេ និងបានសួរនាំគាត់ រួចគាត់បំរុងបើក រថយន្តចេញទៅវិញ ក៏ត្រូវប្រធានសន្តិសុខឃាត់រថយន្តគាត់ និងបានប្រតាយប្រតប់គ្នា ហើយគាត់បានបើកប្រាប់ឲ្យ ចេញពីរថយន្តរបស់គាត់ តែប្រធានសន្តិសុខមិនព្រមចេញ ទើប គាត់យកបំពង់ឧស្ម័នបង្ហូរទឹកភ្នែកបាញ់តែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះហូរទឹកភ្នែកខ្លាំងពេក ទោះបីជាកម្មករទិញទឹកបរិសុទ្ធ យកមកលាងភ្នែកឲ្យ ក៏នៅតែមិនបាត់ទៀត ក៏បានបញ្ជូនទៅមន្ទីរពេទ្យសម្តេចឪ រួចបញ្ជូនបន្តទៅមន្ទីរពេទ្យអង្គឌួង។
ក្រោយពេលកើតហេតុ ជនបង្កនិងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍ គីឡូម៉ែត្រលេខ៦ រង់ចាំថ្ងៃស្អែកចាំដោះស្រាយគ្នាទៀត ៕