Saturday, September 27, 2025
Homeព័ត៌មានជាតិអាចារ្យល្បីទារថ្លៃតម្កល់សពសាន ស្រីឡៃ មានបំណងល្អចឹងសោះ ហើយថែមទាំងហ៊ានស្បថឱ្យរន្ទះបាញ់ទៀតផង

អាចារ្យល្បីទារថ្លៃតម្កល់សពសាន ស្រីឡៃ មានបំណងល្អចឹងសោះ ហើយថែមទាំងហ៊ានស្បថឱ្យរន្ទះបាញ់ទៀតផង

ភ្នំពេញ ៖ ក្រោយពីកើតរឿងរ៉ាវភ្ញាក់ផ្អើលជុំវិញព័ត៌មានថា នៅក្នុងពិធីបុណ្យសពតារាចម្រៀងសាន ស្រីឡៃ ដែលរៀបចំធ្វើនៅក្នុងបរិវេណវត្តសែនសុខ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានអាចារ្យម្នាក់ ឈ្មោះមាស សំណាង បានទារលុយតម្កល់សពសាន ស្រីឡៃ រហូតដល់ទៅ២៦០០ដុល្លាររួចមក លោកអាចារ្យមាស សំណាង បានចេញមុខប្រតិកម្ម និងបកស្រាយជុំវិញរឿងរ៉ាវខាងលើ រហូតដល់ហ៊ានស្បថឱ្យរន្ទះបាញ់ ប្រសិនបើលោកពិតជាបានទារលុយថ្លៃតម្កល់សពតារាចម្រៀង សាន ស្រីឡៃ ដូចការចោទប្រកាន់មែននោះ។

លោកអាចារ្យមាស សំណាង ដែលមានតួនាទីជាទីប្រឹក្សាក្រសួងធម្មការនិងសាសនា និងជាគ្រូបង្រៀនអាចារ្យផងនោះ បានបំភ្លឺប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ថា “ខ្ញុំចង់ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ឱ្យបានជ្រាបថា តាំងពីខ្ញុំធ្វើអាចារ្យការ អាចារ្យបុណ្យ មកដល់ថ្ងៃនេះ ខ្ញុំមិនទាន់មានបង្គាប់បញ្ជាថា បើអ្នកណារកខ្ញុំធ្វើអាចារ្យ ត្រូវដាក់លុយុប៉ុននេះ ចំនួនប៉ុននោះ គឺមិនដែលមានទេ ហើយចំនួន៧ឆ្នាំមកនេះ គឺខ្ញុំមានទាំងអស់១០រៀល(ដុល្លារ)ក៏មាន ២០ដុល្លារក៏មាន ៥ម៉ឺនក៏មាន ១០ម៉ឺនក៏មាន រហូតដល់៥ពាន់ដុល្លារក៏មានដែរ ប៉ុន្តែពាក្យថា បង្គាប់មួយម៉ាត់ គឺខ្ញុំមិនដែលមានទាល់តែសោះ កំណត់ហាងឆេង គឺមិនដែលមានទេ ហើយពិធីការ ឬបុណ្យបងប្អូនលោកស្គាល់ខ្ញុំ អីចឹងលោកអាចលើកមកថា រោងណាខ្លះដែលខ្ញុំកំណត់តម្លៃថា ខ្លួនខ្ញុំ ១០០ដុល្លារ ២០០ដុល្លារ ក្នុង១រោង មកដល់ថ្ងៃនេះ គឺខ្លួនខ្ញុំអត់ដែលមានទេ គឺជាសទ្ធារបស់បងប្អូន ព្រោះយើងធ្វើអាចារ្យ មិនមែនជាអ្នកលក់សាច់ជ្រូកទេ អីចឹងខ្ញុំចង់ប្រាប់ថា មកដល់ថ្ងៃនេះ ខ្លួនខ្ញុំ មាស សំណាង មិនដែលមានបញ្ជាថា តម្លៃប៉ុននេះ ប៉ុននោះ គឺមិនដែលមានទេ…”។

លោកអាចារ្យ មាស សំណាង បានបន្តថា “ខ្ញុំចង់រៀបរាប់ពីសាច់រឿង កាលពីថ្ងៃទី១៦ នៅម៉ោង៦ល្ងាច ខ្ញុំមើលឃើញព័ត៌មានពីការសម្លាប់អ្នកនាងសាន ស្រីឡៃ ហើយខ្ញុំក៏កើតមានចិត្តអាណិតអាសូរ ពិសេសអាណិតដល់កូនៗរបស់អ្នកនាងទាំង២ រហូតដល់ខ្ញុំទៅផ្ទះល្ងាចម៉ោង៦ ខ្ញុំចូលទៅដល់ផ្ទះ ខ្ញុំបើកទូរស័ព្ទមើលឃើញព័ត៌មានថា ពិធីបុណ្យសពរបស់អ្នកនាងសាន ស្រីឡៃ យកមកតម្កល់នៅវត្តសែនសុខ សង្កាត់ឃ្មួញ ដែលស្ថិតនៅជាប់ផ្ទះរបស់ខ្ញុំ ហើយខ្ញុំក៏ដូរអាវការងារ ពាក់អាវយឺតមកចូលរួមមើល សម្តែងនូវការសោកស្តាយស្រណោះដល់សព នៅទីតាំងតម្កល់សព មានមនុស្សច្រើន ហើយមានខាងហង្សមាស និងអ្នកសិល្បៈ មានបងស្រីចន ច័ន្ទលក្ខិណា, បងស្រី ពេជ្រ សោភា ពេលមកដល់ ខ្ញុំឈរមើលសព ឃើញម្តាយគាត់ បងប្អូនគាត់យំឱបសព ហើយនៅក្នុងវត្ត រោងដែលតម្កល់សពអ្នកនាងសាន ស្រីឡៃ ហ្នឹង គឺសពណាក៏តម្កល់នៅហ្នឹងដែរ ដល់ខ្ញុំទៅឃើញមនុស្សច្រើន ទើបខ្ញុំសួរតេជគុណចៅអធិការវត្តសែនសុខថា តេជគុណជួយសម្របសម្រួលចាត់ចែងពិធីបុណ្យហ្នឹងយ៉ាងម៉េច? តេជគុណក៏មានថេរដីកាថា អត់ទាន់ដឹងថា រៀបចំយ៉ាងម៉េចទេ បានខ្ញុំនិយាយ ហៅក្រុមគ្រួសារសព២នាក់ មកតំណាង ហើយខាងបងហង្សមាស ហ្នឹង សុំមក២នាក់ មកតំណាង រួចខ្ញុំប្រាប់ថា ឥឡូវសពអ្នកនាងសាន ស្រីឡៃ នៅអត់ទាន់ចាក់ថ្នាំរក្សាសាកសពទេ ហើយខ្ញុំជាអ្នកខលហៅអ្នកចាក់ថ្នាំមក ដោយមានការឯកភាពពីក្រុមគ្រួសារ និងខាងបងហង្សមាស ដែរ តែតម្លៃថ្លៃថ្នូរ ខ្ញុំមិនដឹងចំនួនទេ ហើយខ្ញុំជាអ្នកមើលពេលាឱ្យសពទៀត គឺខាងសាច់ញាតិសព និងខាងហង្សមាស គាត់ចង់ទុកដល់ថ្ងៃសុក្រ ទើបខ្ញុំថា ថ្ងៃសុក្រ ក៏ល្អដែរ បន្ទាប់មកខ្ញុំមើលពេលាហើយ ក៏ប្រាប់ថា ត្រឹមថ្ងៃព្រហស្បតិ៍ បានហើយ ព្រោះពេលវេលាក៏សមល្មម មិនយូរពេក តែដោយភ្លេចមើលថា ថ្ងៃព្រហស្បតិ៍ ចំថ្ងៃសីល  ទើបព្រមព្រៀងគ្នាលើកទៅថ្ងៃសុក្រវិញ ហើយខ្ញុំបាននិយាយប្រាប់បងៗខាងហង្សមាស ព្រោះខាងហង្សមាស លោកមានក្រុមការងារលោកជួយសម្រួលចាត់ចែង ដោយសារគ្រួសារសពអត់មានលុយទេ អីចឹងក៏ខ្ញុំជម្រាបជូនទៅថា ពិធីបុណ្យហ្នឹង យើងធ្វើនៅក្នុងវត្ត លោកចាត់ចែងមានទឹកមានភ្លើង អីចឹងបុណ្យសពគេ ពេលចប់ទៅ គេប្រគេនលោក ១លាន ២លាន តាមសទ្ធា គឺគេប្រគេនដាក់វត្ត ហើយលោកអាចារ្យ គណៈកម្មការ គេយកធ្វើអីរឿងរបស់វត្ត ហើយកាលពីដំបូង ខ្ញុំឃើញសពដាក់នៅកន្លែងតម្កល់មានទីតាំងតូចចង្អៀត ហើយឃើញមានអ្នកសិល្បៈទៅច្រើន ទើបខ្ញុំបានពិភាក្សាជាមួយបងៗខាងហង្សមាស ថា ទៅសុំសាលាឆាន់លោកដាក់ទៅ វាធំទូលាយ និងសមរម្យ ហើយយើងចាត់ចែង សម្រួលប្រគេនតេជគុណខ្លះទៅ សម្រាប់ទឹក ភ្លើងទៅ ទើបចៅអធិការ និងគណៈកម្មការ បានយល់ព្រមដែរ តែមិនបាននិយាយថា ដាក់នៅសាលាឆាន់ហ្នឹង លុយប៉ុន្មានអីប៉ុន្មាននោះទេ។ ដោយឡែក ក្រដាសដែលសរសេរលើការចំណាយទាំងឡាយ ដែលបានផ្សព្វផ្សាយទៅនោះ គឺមិនមែនជាក្រដាសខ្ញុំសរសេរទេ និយាយរួម ក្រដាសដែលមានសរសេរតម្លៃនោះ គឺមិនមែនជាអក្សររបស់ខ្ញុំទេ ខ្ញុំហ៊ានស្បថឱ្យរន្ទះបាញ់ គឺមិនបានសរសេរនោះទេ…”។

ជាចុងក្រោយ លោកអាចារ្យមាន សំណាង បានអះអាងថា “សរុបមក ខ្ញុំចង់និយាយថា ខ្ញុំមិនមានតួនាទីអ្វីនៅក្នុងវត្តសែនសុខ នោះទេ តែខ្ញុំជាពុទ្ធបរិស័ទជើងវត្ត និងបានទៅមើលសពសាន ស្រីឡៃ ដោយក្តីក្តុកក្តួលសោកសង្រេងចំពោះបងប្អូន ដែលថាឱ្យខ្ញុំយ៉ាងម៉េចយ៉ាងម៉ា ក៏ថាចុះ តែការពិតនៅតែជាការពិត ធម្មតាអាចារ្យ ទាល់តែគេរក ប៉ុន្តែកាលពីថ្ងៃសាន ស្រីឡៃ ស្លាប់នេះ អត់មានពីណាគេរកខ្ញុំទេ គឺខ្ញុំទៅ ខ្ញុំឃើញទើសភ្នែក ខ្ញុំជួយ ជួយចេញពីបេះដូង ដោយមនោសញ្ចោតនា ព្រោះខ្ញុំយល់ដឹងពីកិច្ចការបែបសាសនាច្រើន។ ចំណែកតេជគុណ ក៏ប្រាប់ឱ្យខ្ញុំជួយដែរ រីឯរឿងទារលុយុពីបុណ្យសព សាន ស្រីឡៃ នោះ គឺមិនមែនជាការពិតនោះទេ។ ចំណែកអក្សរនៅក្នុងក្រដាសដែលដាក់តម្លៃប្រគេនលុយទៅព្រះសង្ឃ លុយអាចារ្យ លុយក្តារមឈូសអីនោះ គឺមិនមែនជាអក្សររបស់ខ្ញុំទេ ខ្ញុំហ៊ានស្បថ…”។

គួរបញ្ជាក់ថា លោកអាចារ្យ មាស សំណាង មានស្រុកកំណើតនៅភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លោកជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់ (ប្រុស៤ ស្រី២) មានឪពុកឈ្មោះមាស ម៉ូ ជាអតីតគ្រូបង្រៀនបឋមសិក្សា ម្តាយឈ្មោះកែវ ហូយ ជាកសិករ (ស្លាប់ទាំង២នាក់)។

លោកអាចារ្យមាស សំណាង បដិេសធមិនបានក្រដាសគម្រោងចំណាយក្នុងពិធីបុណ្យសពសាន ស្រីឡៃ

គួររំលឹកថា នៅអំឡុងពេលដែលសពរបស់តារាចម្រៀង សាន ស្រីឡៃ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ ស្រាប់តែផ្ទុះរឿងរ៉ាវអាចារ្យវត្តទារលុយធ្វើបុណ្យសពរបស់សាន ស្រីឡៃ រហូតដល់ទៅ២៦០០ដុល្លារ ដោយក្នុងនោះ រួមមាន ទី១-ប្រគេនចំពោះវត្តសម្រាប់តម្កល់សព ១២៥០ដុល្លារ ទី២-អាចារ្យយោគី ៥០០ដុល្លារ ទី៣-សម្រាប់វត្តចាត់ចែងពិធី៧០០ដុល្លារ និងទី៤-ក្តារមឈូស ១៥០ដុល្លារ ដែលសរុបជាទឹកប្រាក់ទាំងអស់ មានចំនួន២៦០០ដុល្លារ។ មិនតែប៉ុណ្ណោះ មានការលើកឡើងថា អាចារ្យ មាស សំណាង ថែមទាំងបាននិយាយមាក់ងាយធ្ងន់ៗទៅលើក្រុមហ៊ុនហង្សមាស ថា “ថៅកែហង្សមាស ធំប៉ុនណាប៉ុនណីមកថោកទាប  អត់លុយឱ្យវត្ត…បើមិនឱ្យលុយទេ សូមយកសពទៅវិញទៅ…”។

សូមរំលឹកថា តារាចម្រៀង សាន ស្រីឡៃ អតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី២ និងជាតារាចម្រៀងផលិតកម្ម We Production ដែលជាសាខារបស់ហង្សមាស នោះ ត្រូវបានបុរសជាស្វាមីបាញ់ប្រហារចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ៥២E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ក្នុងបរិវេណមន្ទីរសម្រាកព្យាបាល វ៉ាយតា ឡុងហ្គា (Vita Longa Clinic) មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្បែរស្ថានីយទូរទស្សន៍អប្សរា។ ដោយឡែក ខ្មាន់កាំភ្លើងជាប្តី ក៏បានបាញ់សម្លាប់ខ្លួនឯងចំសៀតផ្កា១គ្រាប់ បណ្តាលឱ្យដេកស្លាប់ទន្ទឹមគ្នា២នាក់ប្តីប្រពន្ធ គួរឱ្យរន្ធត់ ដោយបន្សល់ទុកនូវកូនប្រុសតូចៗចំនួន២នាក់ រស់នៅកំព្រា គ្មានទីពឹង។

ចំពោះមូលហេតុនៃការបាញ់សម្លាប់នេះ ត្រូវបានម្តាយ និងប្អូនៗរបស់នារីរងគ្រោះសាន ស្រីឡៃ អះអាងថា ដោយសារខ្មាន់កាំភ្លើងជាអតីតប្តី ព្យាយាមអង្វរសុំត្រូវរ៉ូវរួមរស់ជាមួយគ្នាវិញ តែសាន ស្រីឡៃ មិនព្រម ព្រោះបុរសនោះមានប្រពន្ធកូនដើមនៅជ្រងោៗ ទើបស្រីឡៃ មិនចង់ពាក់ព័ន្ធនឹងប្តីគេ ម៉្យាងបុរសនោះពូកែប្រចណ្ឌហួសហេតុពេក ទើបទីបំផុត ក៏ឈានដល់ការបាញ់សម្លាប់ស្រីឡៃ និងបាញ់សម្លាប់ខ្លួនជាមួយគ្នាតែម្តង បន្ទាប់ពីខ្មាន់កាំភ្លើងធ្លាប់បានគំរាមថា “បើមិនព្រមត្រូវរ៉ូវគ្នាវិញ មានតែស្លាប់ទាំងអស់គ្នា”៕

RELATED ARTICLES