ការឈានចូលផលិតកម្មរស្មីហង្សមាស របស់តារាចម្រៀងនាំមុខគេនៅផលិតកម្មសាន់ដេ ខេមរៈ សិរីមន្ត ក៏មិនខុសពីសុគន្ធ និសា ដែរ គឺសិរីមន្ត នឹងបានតំណែងធំមួយ ជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធីប្រលងចម្រៀងរបស់ប៉ុស្តិ៍ហង្សមាស ដែលគេសន្និដ្ឋានថា ទៅឆក់តំណែងលោកឆន សុវណ្ណរាជ ឬណុប បាយ៉ារិទ្ធ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣នេះ។ ប៉ុន្តែ តាមរយៈការប្រកាសរបស់ហង្សមាស ក្នុងការជ្រើសរើសម្ចាស់ពាន Cambodian Idol រដូវកាលថ្មីនេះ បញ្ជាក់ថា សម្រាប់ Coach ទាំង៤ គឺនៅតែជាឱក សុគន្ធកញ្ញា, ព្រាប សុវត្ថិ, ណុប បាយ៉ារិទ្ធ និងឆន សុវណ្ណរាជ ដដែល ទើបធ្វើឱ្យសិរីមន្ត មិនទាន់មានឱកាសធ្វើគ្រូបង្វឹក…។
មហាជនជាច្រើនបានធ្វើការសន្និដ្ឋានថា តារាចម្រៀងល្បីឈ្មោះខេមរៈ សិរីមន្ត គឺច្បាស់ជាហង្សមាស នឹងយកទៅឱ្យជំនួសតំណែង Coach ណាម្នាក់ ក្នុងចំណោម Coach 2នាក់ ក្នុងកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី3នោះ គឺតារាចម្រៀងឆន សុវណ្ណរាជ ណុប បាយ៉ារិទ្ធ ដែលនឹងប្តូរម្នាក់ចេញ ហើយដាក់សិរីមន្ត ចូល។ ប៉ុន្តែ តាមរយៈការប្រកាសរបស់ហង្សមាស ក្នុងការផ្សព្វផ្សាយកម្មវិធីប្រលងចម្រៀង Cambodian Idol ឆ្នាំទី3នេះ បញ្ជាក់គ្មានមុខតារាថ្មី ខេមរៈ សិរីមន្ត មកកាន់កម្មវិធីនេះ ក្នុងនាមជាគ្រូបង្វឹក (Coach) ឡើយ ហើយគ្រូបង្វឹកទាំង4 គឺនៅតែរក្សាដដែលនោះ គឺឱក សុគន្ធកញ្ញា, ឆន សុវណ្ណរាជ, ណុប បាយ៉ារិទ្ធ និងព្រាប សុវត្ថិ។
ការអាក់ខានបញ្ចោញសមត្ថភាពក្នុងនាមជាគ្រូបង្វឹករបស់ខេមរៈ សិរីមន្ត នាពេលនេះ ត្រូវបានបុគ្គលិកម្នាក់របស់ហង្សមាស បានបង្ហើបដោយសុំមិនបញ្ចោញឈ្មោះថា តាមពិត សិរីមន្ត ពិតជាស័ក្តិសមក្នុងការធ្វើជាគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងនោះ ដើម្បីទៅជំនួសតារាណាម្នាក់ ក្នុងចំណោមតារា2នាក់ គឺឆន សុវណ្ណរាជ ឬណុប បាយ៉ារិទ្ធ។ ប៉ុន្តែ ការមកដល់ហង្សមាស របស់ខេមរៈ ហាក់មានការយឺតយ៉ាវបន្តិច ព្រោះកម្មវិធីនេះបានធ្វើការកុងត្រាជាមួយតារាចម្រៀងទាំង4 ខាងលើទៅហើយ អីចឹងអ្នកដឹកនាំកម្មវិធីមិនអាចចេះតែផ្លាស់ប្តូរតាមតែចិត្ត ទាំងនៅជាប់កុងត្រានោះឡើយ ព្រោះខុសពីលក្ខខណ្ឌកម្មវិធីតម្រូវ អីចឹងសិរីមន្ត អាចរង់ចាំការផុតកុងត្រាជាមួយម្ចាស់កម្មវិធី និង Sponsor របស់តារាទាំង2ខាងលើសិន ទើបអាចចូលមកជំនួសតារាណាម្នាក់បាន បើមិនអីចឹងទេ គឺអាចទៅធ្វើកម្មវិធីផ្សេងថ្មីមួយទៀត ដែលហង្សមាស នឹងបង្កើតថ្មីវិញ ព្រោះទោះជាសិរីមន្ត ល្បីខ្លាំងជាងសុវណ្ណរាជ និងបាយ៉ារិទ្ធ មែន តែមិនមែនចេះតែចូលជំនួសតំណែងតារាណាម្នាក់ ក្នុងចំណោមអ្នកចម្រៀងទាំង2បាននោះទេ។
ការដើរចូលផលិតកម្មរស្មីហង្សមាស របស់តារាចម្រៀងខេមរៈ សិរីមន្ត ត្រូវបានមហាជនជាច្រើនបាននាំគ្នាជជែកគ្នាថា សិរីមន្ត នឹងទៅប្រជែងតំណែងជាមួយព្រាប សុវត្ថិ ដែលឈរជើងនៅហង្សមាស ជាង2ទសវត្សមកហើយនោះ ស្របពេលដែលផលិតកម្មធំនេះ បានតម្រូវឱ្យសិរីមន្ត ចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយតារាស្រីនាំមុខគេ នៅហង្សមាស គឺឱក សុគន្ធកញ្ញា ដែលរឹតតែបញ្ជាក់ថា នាពេលខាងមុខនេះ គឺតារាចម្រៀងដែលសំខាន់ជាងគេរបស់ហង្សមាស គឺខេមរៈ សិរីមន្ត និងឱក សុគន្ធកញ្ញា តែម្តង ព្រោះព្រាប សុវត្ថិ កាន់តែមានវ័យច្រើនទៅហើយ ព្រមទាំងបានយកកូនប្រុសម្នាក់ ឈ្មោះសុវត្ថិ មុនីនាថ ចូលហង្សមាស ដើម្បីស្នងតំណែងលោកទៀតផង។
ការចេញបើកឆាកចម្រៀង2បទ គឺ “ស្ទឹងត្រែងបងអើយ” និងបទ “អស់សិទ្ធិថែ តែនៅបារម្ភ” របស់សិរីមន្ត នោះ គឺអូសទាញបានអ្នកគាំទ្រច្រើន ហើយតាមព័ត៌មានថា ហង្សមាស មានការពេញចិត្តសិរីមន្ត ខ្លាំង ដោយចង់ឱ្យតារាចម្រៀងរូបនេះបន្ថែមការចាប់ដៃជាមួយឱក សុគន្ធកញ្ញា ក្នុងការសម្តែងភាពយន្តភាគថ្មីរបស់ខ្លួនទៀតផង នាពេលខាងមុខនេះ។ ប៉ុន្តែខេមរៈ សិរីមន្ត មិនមែនត្រូវចាប់ដៃគូតែជាមួយឱក សុគន្ធកញ្ញា ម្នាក់ឡើយ ព្រោះអាចនឹងទៅច្រៀងឆ្លងឆ្លើយ ជាមួយអ្នកមេម៉ាយហុយហុយ ពេជ្រ សោភា ផងដែរ ដើម្បីឱ្យកាន់តែប្លែកថែមទៀត។
ខេមរៈ សិរីមន្ត ត្រូវបានផ្គូផ្គងថា អតីតតារាចម្រៀងផលិតកម្ម U2 និងសាន់ដេ រូបនេះ កំពុងតែដើរតាមគន្លងព្រាប សុវត្ថិ ដែលអាចនឹងល្បីឈ្មោះបានយូរឆ្នាំ បន្ទាប់ពីតារាទាំង2បានប្រជែងគ្នាយ៉ាងខ្លាំងក្លា នៅរយៈពេលចុងក្រោយនេះ។
តាមព័ត៌មានបានឱ្យដឹងថា ខេមរៈ សិរីមន្ត នឹងត្រូវបានផលិតកម្មរស្មីហង្សមាស យកចិត្តខ្លាំងនៅពេលនេះ ដោយផ្តល់ការច្រៀង Concert ធំៗជាច្រើន ចាប់ពីចុងខែតុលា នេះហើយ ដើម្បីឱ្យតារាចំណូលថ្មីរបស់ខ្លួននេះ បានសប្បាយចិត្ត។ ដូចនេះ គេរំពឹងថា សិរីមន្ត នឹងកើបលុយបានរាប់សែនដុល្លារជាមិនខានឡើយ នៅរដូវក្តៅខាងមុខនេះ។ អំឡុងពេលដែលខេមរៈ សិរីមន្ត ឬខេម ប៊ុនថៃ កំពុងតែត្រូវការបទចម្រៀងថ្មីៗបុកលើទីផ្សារ។ អ្នកចម្រៀងដែលធ្លាប់លេចឮថា មានប្រពន្ធនិងកូនប្រុសដល់ទៅ2នាក់រូបនេះ កាន់តែមិនហ៊ានបណ្តើរគូស្នេហ៍ឱ្យគេឃើញថែមទៀត ចំណែករឿងរៀបមង្គលការនោះ គ្មានតម្រុយឡើយ ទើបធ្វើឱ្យក្រមុំៗមួយចំនួនដែលលង់ស្នេហ៍សិរីមន្ត ហាក់នៅតែរារែកចិត្ត មិនចង់ហ៊ានឱបថើបតារារូបនេះ ពេលឡើងឆាកឡើយ ដោយសារខ្លាចប្រពន្ធសិរីមន្ត ដែលល្បីថាជាកូន លោកផ្កាយ2នោះប្រចណ្ឌ…៕