កំពង់ធំ ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមុននេះបន្តិច ជាមួយកាំភ្លើងអាកា២ដើមច្រកក្នុងបេ។ ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ ក៏មានការចូលរួមពីលោកព្រហរាជអាជ្ញារងខេត្តកំពង់ធំ លោកអិត សុធាផងដែរ។ ជនសង្ស័យម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា ឈ្មោះពន ជាជនដៃដល់ និងជាកម្មករចម្ការកៅស៊ូ ដែលត្រូវថៅកែដេញចេញពីការងារ ចំណែកជនសង្ស័យ២នាក់ទៀត មិនទាន់ស្គាល់ឈ្មោះនោះទេ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង២១នឹង៣៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ អំពើប្លន់បាញ់សម្លាប់ដ៍សារហាវព្រៃ ធ្វើឱ្យ២នាក់ប្តីប្រពន្ធដេកស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអធម ហេតុការណ៍បាញ់សម្លាប់នេះបង្កឱ្យមានភាពភ្ញាក់ផ្អើលនៅចំណុចទួលស្រឡៅ មុខផ្លូវចូលចម្ការរបស់ជនរងគ្រោះ ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ បុរសជាប្តីដែលជាជនរងគ្រោះឈ្មោះសឿង ប្រុញ អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះលី ចាន់ធឿន អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅក្រែក ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នរស់នៅតំបន់អូរសាជូ ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរថៅចំការកៅស៊ូឯកជន និងទិញលក់ជ័រកៅស៊ូ។
តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តម៉ាកហាយឡេនដឺរ ពណ៍កាំម៉ៃ ពាក់ស្លាកលេខកំពង់ចាម 2B-5444 ចេញពីរោងចក្រកៅស៊ូក្រែប ជនប៉ុន ស្ថិតនៅតំបន់អូរសាជូ ភូមិដងក្តា ឃុំក្រយា។
ដោយប្រពន្ធជាអ្នកបើករថយន្ត រួមដំណើរនៅក្នុងរថយន្តនោះមានកូនប្រុសអាយុ១២ឆ្នាំម្នាក់ នឹងក្មួយស្រីអាយុ១៥ឆ្នាំម្នាក់ សរុបទាំងអស់មានគ្នា៤នាក់នៅក្នុងរថយន្ត។ លុះដល់កន្លែងកើតហេតុ ក្រុមចោរមានគ្នា៤នាក់ កាំភ្លើងAKបត់១ដើម បាញ់រះជាច្រើនគ្រាប់ បណ្តាលឧ្យប្តីប្រពន្ធ២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ហើយក្រុមចោរបានគំរាមបាញ់សម្លាប់កូនប្រុសនិងក្មួយស្រីទៀត ធ្វើឲ្យក្មេងទាំងពីរនូវស្ងៀមមិនតបត ញ័រដូចកូនសត្វ រួចក្រុមចោរក៍ធ្វើសកម្មភាពយកលុយខ្មែរ នឹងលុយដុល្លារ ព្រមទាំងគ្រឿងអលង្ការ សរុបទឹកប្រាក់៥០០០០ម៉ឺនដុល្លារ ហើយគេចខ្លួនទៅវបាត់។ សាកសពជនរងគ្រោះបងប្អូនយកទៅធ្វើឯស្រុកកំណើតតាមប្រពៃណី៕