Saturday, September 27, 2025
Homeព័ត៌មានជាតិកំលោះចាស់តូចចិត្តស្រីអត់ស្រលាញ់ ដើរប្រាប់អ្នកភូមិថាអត់ចង់រស់ ចុងក្រោយ...

កំលោះចាស់តូចចិត្តស្រីអត់ស្រលាញ់ ដើរប្រាប់អ្នកភូមិថាអត់ចង់រស់ ចុងក្រោយ…

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់មានវ័យជាង៣០ឆ្នាំទៅហើយ នៅមិនទាន់រកគូគ្រងឃើញនៅឡើយ និងចេះតែត្អូញត្អែរប្រាប់គេឯងថា តូចចិត្តលែងចង់រស់ ព្រោះគ្មានស្រីណាស្រលាញ់ យល់ចិត្តសោះ ស្រាប់តែមិនយូរប៉ុន្មាន ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៧ នៅចំណុចភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង។

បុរសគំនិតខ្លីដែលតូចចិត្តរឿងគ្មានស្រី ស្រលាញ់បែរជាដាច់ចិត្តចងកធ្វើអត្តឃាតនេះ  មានឈ្មោះស៊ុំ សុភីន អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ។

តាមសម្តីរបស់សាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាកំលោះចាស់នៅមិនទាន់មានប្រពន្ធកូននឹងគេនៅឡើយ ណាមួយដោយសារតែជីវភាពក្រីក្រផង មិនមានការងារអ្វីជាប់ខ្លួនឱ្យពិតប្រាកដផង ទើបមិនមានស្រីណាចាប់អារម្មណ៍ព្រមស្ម័គ្រផ្ញើវាសនាលើខ្លួនឡើយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ៣ទៅ៤ថ្ងៃ បុរសរងគ្រោះខាងលើ បានដើរនិយាយប្រាប់គេឯងថា រាល់ថ្ងៃនេះ គាត់មិនចង់រស់នោះទេ ពីព្រោះគ្មានស្រីណាស្រលាញ់ យល់ចិត្តសោះ។ តាំងពីថ្ងៃនោះមក ជនរងគ្រោះហាក់ស្រពាប់ស្រពោនខ្លាំងណាស់ និងមិនសូវនិយាយស្តីរកអ្នកណានោះទេ ព្រមទាំងមិនព្រមហូបបាយទឹកទៀតផង។ ចំណែកក្រុមគ្រួសារ ក៏មិនបានចាប់អារម្មណ៍នឹកគិតដល់ថា ជនរងគ្រោះអាចនឹងមានគំនិតខ្លីបែបនេះសោះឡើយ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះមកដល់យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោយពីហូបបាយរួច ជនរងគ្រោះក៏ចូលសម្រាកមុនគេ ហើយក្រុមគ្រួសារក៏មិនបានសួរនាំអ្វីដែរ និងបានចូលសម្រាករៀងៗខ្លួនអស់ទៅ។ ស្រាប់តែព្រឹកឡើងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ក្រុមគ្រួសារបាននាំគ្នាចេញទៅធ្វើការអស់ នៅសល់តែជនរងគ្រោះម្នាក់ប៉ុណ្ណោះដែលនៅចាំផ្ទះ លុះមកដល់វេលាម៉ោង៩និង៣០នាទីព្រឹក មានសាច់ញាតិម្នាក់បានត្រឡប់មកវិញ ក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ  ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយជនរងគ្រោះបានប្រើខ្សែនីឡុងជ័រ ពណ៌ស ចងកភ្ជាប់ជាមួយនឹងធ្នឹមផ្ទះតៀមរបស់ខ្លួនកម្ពស់២ម៉ែត្រ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES