Saturday, September 27, 2025
Homeព័ត៌មានជាតិពីមុនមនុស្សស្លូតបូតសោះហ្នឹង ដល់អីលូវគំរាមសម្លាប់ផ្តាច់ពូជតែម្តង!!!

ពីមុនមនុស្សស្លូតបូតសោះហ្នឹង ដល់អីលូវគំរាមសម្លាប់ផ្តាច់ពូជតែម្តង!!!

ខេត្តតាកែវ ៖ យុវជនឈាមរាវម្នាក់ ព្រោះតែអត់លុយុទិញថ្នាំញៀនប្រើប្រាស់ ក៏មកសុំលុយពីម្តាយ លុះសុំមិនបាន ក៏បែរមួម៉ៅ ក្តៅចិត្ត បង្ករឿងអុកឡុកពេញផ្ទះ ដោយវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់គ្មានសល់ និងថែមទាំងបានទាញកាំបិតផ្គាក់ដេញកាប់ ម្តាយបង្កើតខ្លួនឯង រួចគំរាមសម្លាប់ក្រុមគ្រួសារ ទាំងមូលផ្តាច់ពូជទៀតផង ទើបធ្វើឱ្យបងប្អូនអត់ទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់អូសកជនកំណាចរូបនេះ យកទៅចាត់ការតាមច្បាប់។

ហេតុការណ៍កូនប្រុសញៀនថ្នាំទាញកាំបិត ពូថៅដេញកាប់ម្តាយបង្កើតខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៧ នៅចំណុចភូមិប្របសៀម ឃុំឧត្តមសូរិយា ស្រុកត្រាំកក់។

ជនសង្ស័យជាកូនរមិលគុណ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយសារតែទាញកាំបិតដេញកាប់ម្តាយនោះ មានឈ្មោះសឿន ស៊ិនសៀវឡុង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន  មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសាររបស់ជនសង្ស័យខាងលើ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ ជនសង្ស័យជាក្មេងល្អម្នាក់ និងជាកូនល្អ មិនធ្លាប់បង្កបញ្ហាដល់ក្រុមគ្រួសារឡើយ ពោលគឺដឹងតែខំប្រឹងជួយធ្វើការងារស្រែចម្ការឪពុកម្តាយប៉ុណ្ណោះ។ លុះមួយរយៈចុងក្រោយនេះ ជនសង្ស័យបានដើរលេងសេពគប់មិត្តមិនល្អ អូសទាញឱ្យប្រើប្រាស់ថ្នាំញៀនដកខ្លួនថយក្រោយមិនរួច រហូតក្លាយជាមនុស្សញៀនថ្នាំ។

ប្រភពដដែលបន្តថា តាំងពីញៀនញ៉ាមនឹងថ្នាំញៀនមក ជនសង្ស័យក៏ប្រែក្លាយជាមនុស្សម្នាក់ផ្សេង ដែលមានចរិតកោងកាច ឆេវឆាវខ្លាំងណាស់ នៅពេលដែលក្រុមគ្រួសារស្តីបន្ទោស អប់រំតិចតួច តែងតបតមាត់ បង្ករឿងឈ្លោះប្រកែកជាមួយនឹងក្រុមគ្រួសារជាញឹកញាប់។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យមិនដឹងជាទើបនឹងត្រឡប់មកពីជក់ថ្នាំញៀននៅឯណាមិនដឹង ក៏បានមកទាររកលុយពីម្តាយ បំណងយកទៅទិញថ្នាំញៀនប្រើប្រាស់បន្តជាមួយបនភឿន។ ដោយសារតែមិនចង់ឱ្យកូនប្រុសធ្លាក់ខ្លួនជ្រៅក្នុងអន្លង់ថ្នាំញៀនតទៅទៀត ទើបម្តាយមិនបានឱ្យលុយទៅជនសង្ស័យតាមការទាមទារនោះទេ ស្រាប់តែធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ក៏អុកឡុកពេញផ្ទះ ដោយទាញពូថៅកាំបិតកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យបែកបាក់ខ្ទេចខ្ទីអស់។

ប្រភពខាងលើបានឱ្យដឹងទៀតថា លុះមិនទាន់អស់កំហឹង ជនសង្ស័យក៏ទាញកាំបិតដេញកាប់ម្តាយទាំងកំរោល ធ្វើឱ្យម្តាយភ័យរត់គេចខ្លួនទាំងព្រលឹងចុងសក់ និងត្រូវបានបងប្អូនចេញមកជួយឃាត់ ស្រាប់តែជនសង្ស័យបែរជាគំរាមសម្លាប់ក្រុមគ្រួសារទាំងមូលផ្តាច់ពូជទៀតផង ទើបធ្វើឱ្យបងប្អូនទ្រាំមិនបាន ក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យចុះជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយទទួលបានបណ្តឹងខាងលើ សមត្ថកិច្ចក៏ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន កាំបិតផ្គាក់ ពូថៅ កាំបិតចិតបន្លែ និងកន្ត្រៃ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកត្រាំកក់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES