ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ល្មោភកាមម្នាក់ បានធ្វើសកម្មភាពល្បួងក្មេងស្រីម្នាក់ រួមភេទរហូតដល់បានសម្រេច ដោយក្នុងមួយលើកៗ តែងផ្តល់ប្រាក់ឱ្យក្មេងស្រីរងគ្រោះចំនួន៥០០០រៀល ជាថ្នូរនឹងការបិទមាត់មិននិយាយប្រាប់គេឱ្យដឹង លុះរឿងរ៉ាវបែកធ្លាយដឹងដល់ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកមក ចាត់ការតាមច្បាប់។
ករណីបុរសចំណាស់ល្មោភកាម ដែលល្បួងក្មេងស្រីរួមរ័ករហូតដល់ទៅ៤ដងនេះ បានកើតឡើងជាលើកចុងក្រោយ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង។ លុះរឿងរ៉ាវបែកធ្លាយសមត្ថកិច្ចក៏ចុះចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៧និង១៧នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះរបស់ជនសង្ស័យ។
ជនសង្ស័យល្មោភកាមខាងលើ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះគួន ងីម អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះច.ស.វ អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិជាមួយគ្នា។
តាមប្រភពពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដោយសារតែឃើញកូនស្រី (ក្មេងស្រីរងគ្រោះ) មានទឹកមុខស្លេកស្លាំង ព្រមទាំងមានអាការខុសប្លែកពីធម្មតា ទើបគាត់នឹកសង្ស័យ ក៏ហៅកូនស្រីមកសាកសួរថាមានរឿងអ្វី។ ដំបូងឡើយ កូនស្រីរបស់គាត់មិនព្រមឆ្លើយប្រាប់នោះទេ លុះបន្ទាប់ពីគាត់ឈ្លេចសួរខ្លាំង ទើបកូនស្រីព្រមទម្លាយប្រាប់រឿងរ៉ាវថា នាងត្រូវបានជនសង្ស័យឈ្មោះគួន ងីម រស់នៅភូមិជាមួយគ្នាចាប់រំលោភសេពសន្ថវៈរហូតដល់ទៅ៤ដងមកហើយ ហើយលើកចុងក្រោយ ជនសង្ស័យបានចាប់នាងរំលោភសេពសន្ថវៈនៅលើផ្ទះរបស់ជនសង្ស័យតែម្តង គឺនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបន្តថា ក្រោយពីស្តាប់សម្តីរបស់កូនស្រីរួចហើយ គាត់ក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំកោះខែល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ចបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៧និង១៧នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ តាមបញ្ជាលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងត្រូវបានជនសង្ស័យឈ្មោះគួន ងីម លួងហៅទៅរួមភេទនៅក្រោយភូមិចំនួន ២ដង ដោយម្តងៗជនសង្ស័យបានឱ្យលុយមកនាងចំនួន៥០០០រៀល ជាថ្នូរនឹងការបំបិទមាត់ នាងមិនឱ្យនិយាយរឿងនេះ ប្រាប់គេឯងឱ្យបានដឹង។ ក្រោយមកទៀត ជនសង្ស័យបានលួងលោមហៅនាងទៅរួមភេទចំនួន២ដងទៀត នៅលើផ្ទះរបស់ជនសង្ស័យតែម្តង ដោយលើកទី១ ជនសង្ស័យបានឱ្យលុយនាងចំនួន៥០០០រៀល រីឯលើកចុងក្រោយ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ក្រោយពីល្បួងរួមភេទជាមួយនាង ហើយជនសង្ស័យបានឱ្យលុយនាងម្តងទៀត ចំនួន១ម៉ឺនរៀល និងថែមទាំងគំរាមមិនឱ្យនាងប្រាប់រឿងនេះដល់ម្តាយនាងដាច់ខាត ពុំនោះទេ គេនឹងសម្លាប់នាងចោលមិនខាន។ ដោយសារតែខ្លាចពាក្យគំរាមរបស់ជនសង្ស័យ ទើបនាងមិនហ៊ាននិយាយប្រាប់រឿងនេះឱ្យម្តាយបានដឹងឡើយ រហូតដល់ម្តាយសង្ស័យហៅនាងទៅឈ្លេចសួរ ទើបនាងដាច់ចិត្តទម្លាយប្រាប់ម្តាយឱ្យដឹង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមឈ្មោះគួន ងីម បានសារភាពប្រាប់ថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលក្មេងស្រីរងគ្រោះ ប្តឹងចោទប្រកាន់ពិតមែន ដោយកន្លងមក ខ្លួនធ្លាប់បានល្បួងក្មេងស្រីរងគ្រោះទៅរួមរ័កនៅក្រោយភូមិបានសម្រេច២ដង ហើយក្នុងម្តងៗ ខ្លួនតែងឱ្យលុយទៅក្មេងស្រីចំនួន៥ពាន់រៀល ជាថ្នូរបិទមាត់កុំឱ្យនាងនិយាយប្រាប់គេ។ លុះបន្ទាប់មក ខ្លួនក៏បានហៅក្មេងស្រីរងគ្រោះមករួមរ័កដល់លើផ្ទះ បានសម្រេច២ដងទៀត ដោយលើកចុងក្រោយ ខ្លួនបានឱ្យប្រាក់ទៅនាង១ម៉ឺនរៀល ស្រាប់តែស្អែកឡើង ក៏បែកធ្លាយរឿងរ៉ាវត្រូវសមត្ថកិច្ចចុះមកចាប់ខ្លួន។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕