ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់តែងធ្វើសកម្មភាពអុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិ លួចរបស់របរក្នុងផ្ទះយកទៅលក់ និងថែមទាំងបង្កហិង្សាទាញដុំថ្ម និងកាំបិតដេញកាប់ឪពុកបង្កើតរបស់ខ្លួនទៀតផង រហូតដល់បុរសជាឪពុកទ្រាំនឹងទង្វើកូនកំណាចពូកែបំផ្លាញរូបនេះលែងបាន ក៏ដាច់ចិត្តប្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
ជនរងគ្រោះដែលត្រូវកូនប្រុសអកតញ្ញូ ទាញដំថ្មដេញគប់ និងទាញកាំបិតដេញកាប់នោះ មានឈ្មោះយន់ ខ្នា អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះខ្នា វ៉ាន់នឹង អាយុ១៨ឆ្នាំ មុខរបរកម្មករដើរឡានដឹកអង្កាម ស្នាក់នៅផ្ទះជាមួយឪពុក។
តាមសម្តីបុរសជាឪពុកឈ្មោះយន់ ខ្នា បានរៀបរាប់ប្រាប់ថា កន្លងមក កូនប្រុសម្នាក់នេះ (ជនសង្ស័យ) ធ្លាប់បានធ្វើសកម្មភាពយកសម្ភារៈក្នុងផ្ទះទៅលក់ ដូចជាឈើសម្រាប់ធ្វើផ្ទះ មងចំនួន៣០ដៃ ទូរស័ព្ទដៃម៉ាកណូគា ចំនួន១០គ្រឿង ឆ្នាំងដាំបាយ លួចប្តូរគ្រឿងម៉ូតូ បំផ្លិចបំផ្លាញទូរដាក់ខោអាវ ចានឆ្នាំង ពាងទឹក លួចលុយ និងដេញកាប់គាត់ជាឪពុកបង្កើតទៀតផង។
បុរសជាឪពុករូបនេះ បន្តថា លុះមកដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យបានធ្វើសកម្មភាពយកអាគុយគប់ចោល និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រួមមានកង្ហារ ចានឆ្នាំង កញ្ចក់ទូដាក់ ខោអាវ និងយកដុំឈើមកគប់លើគាត់ជាឪពុក តែមិនត្រូវ ទើបគាត់បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញ ឱ្យជួយអន្តរាគមន៍ ប៉ុន្តែ ពេលសមត្ថកិច្ចចុះមកដល់ជនសង្ស័យក៏បានរត់គេចខ្លួនបាត់។
បុរសជាឪពុកបានឱ្យដឹងទៀតថា រហូតដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល ជនសង្ស័យបានវិលចូលផ្ទះវិញ ហើយបានយកដុំថ្មគប់ សំដៅគាត់ជាឪពុកទៀត តែមិនត្រូវ ព្រោះគាត់គេចផុត បន្ទាប់មកដោយសារតែមិនទាន់អស់កំហឹង ជនសង្ស័យក៏បានវាយបំផ្លិចបំផ្លាញម៉ូតូរទេះកង់៣ សំរាប់លក់សាច់គោអាំង និងនំប៉័ង បណ្តាលឱ្យខូចខាតខ្ទេចអស់។ ឃើញបែបនេះ គាត់ក៏ស្រែកហៅអ្នកជិតខាងឱ្យជួយ ហើយក៏ចាប់បានជនសង្ស័យយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញ ដើម្បីចាត់ការតាមច្បាប់តែម្តង។
ជុំវិញករណីខាងលើនេះ កម្លាំងប៉ុស្តិ៍កំពុងសហការជាមួយជំនាញយុត្តិធម៌ស្រុករៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕