ភ្នំពេញ ៖ បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់ខំប្រឹងធ្វើការថែមម៉ោង ដើម្បីបង្កើនប្រាក់ចំណូលចិញ្ចឹមប្រពន្ធកូនខ្ចី ស្រាប់តែអកុសល ត្រូវរ៉ឺម៉កដឹកទំនិញបើកបរទាំងភ្លើងបំភ្លឺផ្លូវមើលមិនសូវច្បាស់ វ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យជ្រុលមកបុកម៉ូតូបុរសរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកក្បាល និងបែកប្លោកនោម រងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ធ្វើឱ្យប្រពន្ធបីកូនខ្ចីមកយំសោកបោកខ្លួនឱបសពប្តីទាំងស្រណោះអាល័យ គួរឱ្យសង្វេគ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង០៥នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះដែលត្រូវរ៉ឺម៉កម៉ូតូបុកស្លាប់ចោលប្រពន្ធកូនខ្ចីនេះ មានឈ្មោះសៅ ស៊ីថា អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលម្តុំវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ប៊ូ ស៊ុនហាក់ អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ មានកូនប្រុស២នាក់ កូនច្បងអាយុ៦ឆ្នាំ ចំណែកកូនពៅទើបនឹងអាយុ១ខួប៣ខែ។ ជនរងគ្រោះជិះម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CK-7048។
តាមសម្តីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរ៉ឺម៉កដឹកទំនិញ១គ្រឿង បើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ហើយម៉ូតូសណ្តោងរ៉ឺម៉កនោះ មានភ្លើងមិនសូវភ្លឺនោះទេ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រ៉ឺម៉កម៉ូតូក៏បានព្យាយាមបើកវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យជ្រុលចង្កូតទៅបុកម៉ូតូរបស់ជនរងគ្រោះ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីលិចទៅកើត យ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះដួលបោកក្បាល និងបែកប្លោកនោម ទទួលរងរបួសយ៉ាងធ្ងន់។
ប្រភពដដែលបន្តថា ភ្លាមនោះ អ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កដែលទទួលរងរបួសស្រាល បានទុកម៉ូតូរ៉ឺម៉ករបស់ខ្លួនចោល ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។ លុះបន្តិចក្រោយមក ក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិករស្មី បានមកដល់ លើកដឹកជនរងគ្រោះយកទៅព្យាបាល តែអកុសល ពេលដឹកចេញទៅដល់រង្វង់មូលចោមចៅ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅលើរថយន្តយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ គេឃើញស្ត្រីជាប្រពន្ធរបស់សពបានដឹកដៃកូនប្រុសម្នាក់ និងបីកូនប្រុសតូចម្នាក់ទៀត មកស្រែកទ្រហោយំឱបសពប្តី ដោយក្តីស្រណោះអាល័យជាទីបំផុត។
តាមសម្តីស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ ប្តីរបស់នាង (ជនរងគ្រោះ) ទើបនឹងចេញពីធ្វើការថែមម៉ោង បើកម៉ូតូបំណងត្រឡប់មកផ្ទះវិញ ស្រាប់តែអកុសលមកដល់ពាក់កណ្តាលផ្លូវក៏ជួបគ្រោះអកុសលបាត់បង់ជីវិតបែបនេះតែម្តង។
ស្ត្រីជាប្រពន្ធរូបនេះ បន្តទាំងអួលដើមកថា មួយរយៈនេះ ប្តីរបស់នាងប្រឹងរកលុយខ្លាំងណាស់ ដើម្បីផ្គង់ផ្គង់ជីវភាព ខណៈដែលនាងជាប្រពន្ធទើបនឹងមានកូនខ្ចី មិនទាន់បានរឹងដៃជើង ជួយធ្វើការរកលុយប្តីនៅឡើយ ស្រាប់តែពេលនេះ ប្តីបែរជាចាកចោលនាងនិងកូនៗទាំង២នាក់ ទៅដោយមិនបានលា ឬផ្តែផ្តាំអ្វីសូម្បីមួយម៉ាត់ ធ្វើឱ្យពួកនាងពិតជាស្រណោះអាល័យប្តី និងឪពុកខ្លាំងណាស់។ ម៉្យាងវិញទៀត ជីវភាពគ្រួសារ ដែលធ្លាប់ពឹងផ្អែកលើកម្លាំងប្តី ក៏មិនដឹងទៅជាយ៉ាងណាដែរនៅពេលខាងមុខ ខណៈដែលបង្គោលបង្អែកគ្រួសារដ៏រឹងមាំមួយនេះ បានបាក់រលំបាត់ទៅហើយ។
បន្ទាប់ពីសមត្ថកិច្ចជំនាញចុះមកវាស់វែងរួចរាល់ ក៏អូសយកម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីនៅពេលក្រោយ។
ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕