ភ្នំពេញ ៖ កម្មករសំណង់មួយក្រុម កំពុងជួបជុំគ្នាផឹកស៊ីសប្បាយក្អាកក្អាយ ស្រាប់តែដាច់ភ្លើង បន្ទាប់មក ក៏មានកម្មករសំណង់ធ្វើការជាមួយគ្នាម្នាក់ បានដើរមកសួរនាំថា អ្នកណាបិទភ្លើង ស្រាប់តែក្រុមកម្មករសំណង់ដែលកំពុងស្រវឹងស្រឿងៗ ប្រមាណជាង១០នាក់ ផ្ទុះកំហឹងព្រួតគ្នាវាយដំទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ស្នាក់នៅរបស់កម្មករ ស្ថិតនៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យុវជនរងគ្រោះដែលត្រូវកម្មករសំណង់ ជាង១០នាក់ ព្រួតវាយឱ្យរងរបួសធ្ងន់នោះ មានឈ្មោះដុស ចាន់នឿន អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមជនបង្កហេតុ មានគ្នាជាង១០នាក់ បានជុំគ្នាផឹកស៊ី លុះបន្តិចក្រោយមក ក៏ដាច់ភ្លើង ដោយមិនដឹងថា អ្នកណាជាអ្នកបិទភ្លើងនោះទេ។ ស្រាប់តែភ្លាមនោះ ក៏លេចមុខជនរងគ្រោះបានដើរមកសាកសួរក្រុមជនបង្កហេតុថា ពីណាបិទភ្លើង? រួចក៏បានទាស់ពាក្យសម្តីគ្នា រហូតដល់ក្លាយជាអំពើហិង្សា ដោយក្រុមជនបង្កជាង១០នាក់ បានព្រួតវាយទៅលើជនរងគ្រោះតែម្នាក់ឯង បណ្តាលឱ្យរងរបួសដៃ និងក្បាលយ៉ាងដំណំ ហើយភ្លាមនោះ ក៏ត្រូវអ្នកធ្វើការជាមួយគ្នា បានចូលទៅជួយឃាត់ទាន់ពេល ហើយប្រសិ បើមិនមានអ្នកចូលឃាត់នោះទេ មិនដឹងថា ជនរងគ្រោះនឹងទៅជាយ៉ាងណានោះទេ។
ក្រោយពេលកើតហេតុភ្លាមៗ សាច់ញាតិជនរងគ្រោះក៏បាននាំជនរងគ្រោះទៅព្យាបាលនៅឯមន្ទីរពេទ្យ។ លុះមកដល់វេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ទើបសាច់ញាតិជនរងគ្រោះ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ ដើម្បីជួយរកយុត្តិធម៌ឱ្យជនរងគ្រោះ។
ក្រោយពេលបានទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះរួច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅឃាត់ខ្លួនក្រុមជនបង្កហេតុដល់ក្នុងការដ្ឋានសំណង់តែម្តង ប៉ុន្តែដោយសារតែជនរងគ្រោះចំណាំមុខអត់បានអស់ ទើបឃាត់ខ្លួនជនដែលស្គាល់មុខបានតែ៤នាក់ប៉ុណ្ណោះ ដែលសុទ្ធតែជាកម្មករសំណង់ ធ្វើការជាមួយជនរងគ្រោះទាំងអស់។ បន្ទាប់មក សមត្ថកិច្ចក៏នាំខ្លួន ជនសង្ស័យទាំង៤នាក់ ទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕