Sunday, September 28, 2025
Homeព័ត៌មានជាតិលែងប្តី៤ឆ្នាំ ម៉ែបង្ខំឱ្យយកវិញ កូនស្រីមិនព្រម សុខចិត្តធ្វើរឿងមិននឹកស្មាន

លែងប្តី៤ឆ្នាំ ម៉ែបង្ខំឱ្យយកវិញ កូនស្រីមិនព្រម សុខចិត្តធ្វើរឿងមិននឹកស្មាន

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់បានលែងលះប្តីអស់រយៈពេល៤ឆ្នាំមកហើយ ស្រាប់តែមួយរយៈចុងក្រោយ ប្តីតាមមកសុំជានាវិញ ទើបស្ត្រីជាម្តាយបានប្រាប់ថា គួររួមរស់នឹងប្តីវិញទៅ តែកូនស្រីមិនព្រម ទើបម្តាយខឹងក៏ស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែកូនស្រីឈឺចិត្តស្អិតទ្រូង ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក។

ករណីកូនស្រីខឹងម៉ែបង្ខំឱ្យជានាជាមួយប្តីវិញ បែរជារត់ទៅចងកធ្វើអត្តឃាតនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ទឹកផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ។

ស្ត្រីគំនិតខ្លីដែលចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក មានឈ្មោះវិន ធីមាង អាយុ២៤ឆ្នាំ ជាជនជាតិវៀតណាម មុខរបរកសិករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះវិន ច្រា ត្រូវជាឪពុករបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (ស្ត្រីរងគ្រោះ) ធ្លាប់មានប្តីរួចហើយ ប៉ុន្តែបានលែងលះគ្នាអស់រយៈពេល៤ឆ្នាំមកហើយ។ លុះមកដល់មួយរយៈចុងក្រោយនេះ បុរសជាអតីតប្តីបានតាមមកសុំជានាគ្នាវិញ តែកូនស្រីមិនព្រមចំណែកពួកគាត់ជាឪពុកម្តាយ គ្រាន់តែប្រាប់កូនស្រីថា ពួកគាត់ចង់ឱ្យកូនៗត្រូវរ៉ូវគ្នាវិញ ប៉ុន្តែកូនស្រីនេះមិនព្រមឡើយ ហើយគាត់និងប្រពន្ធក៏មិនបានស្តីបន្ទោសឱ្យកូនស្រីដែរ។

បុរសជាឪពុកស្ត្រីរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ គាត់ជាឪពុកបានដឹកកូនតូចទៅសាលារៀននៅដុងឌឹក ប្រទេសវៀតណាម។ រហូតដល់ម៉ោង១០និង៣០នាទីថ្ងៃដដែល ក៏ដឹកកូនមកដល់ផ្ទះវិញ រួចចូលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកូនស្រីចងកសម្លាប់ខ្លួនបាត់ទៅហើយ ភ្លាមនោះគាត់បានស្រាយចំណងដាក់ចុះ រួចស្ទាបជីពចរឃើញថា នៅមានជីពចរនៅឡើយ ទើបប្រញាប់នាំកូនទៅមន្ទីរពេទ្យប្រទេសវៀតណាម តែពេលទៅដល់គ្រូពេទ្យប្រាប់ថា កូនស្រីរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបគាត់បានដឹកសពកូនស្រីត្រឡប់មកផ្ទះវិញ និងបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចឱ្យចុះពិនិត្យតែម្តង។

ដោយឡែកតាមប្រភពព័ត៌មានខ្លះ បានបង្ហើបប្រាប់ថា មូលហេតុដែលស្ត្រីរងគ្រោះខាងលើចងកសម្លាប់ខ្លួន គឺព្រោះតែអតីតប្តីរបស់នាងសុំត្រូវរ៉ូវគ្នាវិញ ចំណែកឪពុកម្តាយរបស់នាង ក៏មានបំណងចង់ឱ្យនាងជានាជាមួយប្តីវិញ តែនាងមិនព្រម ទើបម្តាយបានស្តីបន្ទោស ធ្វើឱ្យនាងតូចចិត្តក៏គិតខ្លីចងកសម្លាប់ខ្លួនតែម្តង។

សមត្ថកិច្ចស្រុកកោះធំ បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព រួចបញ្ជាក់ថា ជនរងគ្រោះមានស្លាកស្នាមលើគ្រាប់ពោនក ផ្នែកក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង ស្នាមជាំខ្មៅ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណីផ្សេងឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ស្ត្រីរងគ្រោះគឺពិតជាធ្វើអត្តឃាត ដោយចងកប្រាកដមែន។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES