ភ្នំពេញ ៖ បុរសបានចូលទៅម៉ាស្សា ហើយបានដេកលង់លក់អស់រយៈពេលជិត៣ម៉ោង ចេញមកវិញបាត់ម៉ូតូមួយគ្រឿង តម្លៃជាង១០០០ដុល្លារ ពេលសួរនាំ ស្រ្តីម៉ាស្សាឆ្លើយថា មិនដឹង ជនរងគ្រោះប្តឹងសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ ផ្ទះម៉ា ស្សាយីយោ 8888 តាមបណ្តោយផ្លូវមៃដា (២០០៤) ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមិនបានប្រាប់ឈ្មោះ បាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FU-8542។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូ បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានចូលម៉ាស្សានៅផ្ទះកើតហេតុខាងលើ តាំងពីម៉ោងជិត២រំលងអាធ្រាតមកម្ល៉េះ បន្ទាប់មកនារីម៉ាស្សាបានម៉ាស្សាជាង១០នាទី នារីម៉ាស្សាខាងលើបាននិយាយថា ម៉ាស្សារួចហើយបង ហើយគាត់បានដេកលង់លក់បាត់ទៅ លុះនៅវេលាម៉ោងកើតហេតុ ទើបគាត់ភ្ញាក់ ហើយចេញមកក្រៅ ស្រាប់តែរកម៉ូតូមិនឃើញ សួរនាំទៅ នារីម៉ាស្សាខាងលើបានឆ្លើយថាមិនដឹងទេ ។
តាមសំដីថៅកែស្រីម៉ាស្សាបាននិយាយថា នៅមុនពេលកើតហេតុ គាត់មិននៅកន្លែងម៉ាស្សាទេ មានតែអ្នកម៉ាស្សាមានគ្នា៣នាក់ ក្នុងនោះនារីវ័យជំទង់២នាក់ និងអ៊ំស្រីអាយុជាង៥០ឆ្នាំម្នាក់ ស្រាប់តែជនរងគ្រោះបានដើរនៅមុខកន្លែងម៉ាស្សាគាត់ ក៏បានហៅមកម៉ាស្សាតែម្តង។
នារីម៉ាស្សាបានបន្តទៀតថា ពេលម៉ាស្សាចប់ហើយ ឃើញបុរសខាងលើដេកលក់ ហើយពួកគាត់ បានទៅដាស់ចំនួន៣ដង តែបុរសខាងលើមិនព្រមភ្ញាក់ឡើយ ។ បន្ទាប់មកជនរងគ្រោះបាន និយាយឈ្លោះជាមួយនារីម៉ាស្សាថា ពេលគាត់ដេកលក់ មិនមាននរណាម្នាក់មកដាស់គាត់ឡើយ ។
ក្រោយពេលកើតហេតុ នារីថៅហាងម៉ាស្សាខាងលើបានសម្របសម្រួកជាមួយជនរងគ្រោះជាម្ចាស់ម៉ូតូ ដោយសងការបាត់បង់ម៉ូតូខ្លះ ចំនួន៨០០ដុល្លារបញ្ចប់នៅប៉ុសិ៍្ត សមត្ថកិច្ចបានបញ្ជាក់ថា បើឃើញម៉ូតូខាងលើសូមរាយការណ៍ដល់សមត្ថកិច្ចភ្លាមៗ៕