Sunday, September 28, 2025
Homeព័ត៌មានជាតិប្រចណ្ឌប្រពន្ធតែងខ្លួនស្អាតពេក ប្តីផ្ទុះកំហឹងកាប់១ផ្គាក់ចំមាត់ស្ទើរដាច់ជា២កំណាត់

ប្រចណ្ឌប្រពន្ធតែងខ្លួនស្អាតពេក ប្តីផ្ទុះកំហឹងកាប់១ផ្គាក់ចំមាត់ស្ទើរដាច់ជា២កំណាត់

ខេត្តសៀមរាប ៖ បុរសជាប្តីចិត្តភ្លើងម្នាក់ គ្រាន់តែឃើញប្រពន្ធរបស់ខ្លួនលាបក្រែថែមម្សៅ តុបតែងខ្លួនស្អាតខ្ញង់ជារៀងរាល់ថ្ងៃ បែរជាមិនសប្បាយចិត្ត ផ្ទុះភ្លើងប្រចណ្ឌ សង្ស័យថាប្រពន្ធបែកឆ្វេង តែងខ្លួនទាក់ប្រុស រហូតដល់ទប់កំហឹងមិនបាន ក៏រករឿងឈ្លោះប្រកែក និងឈានដល់ការប្រើអំពើហិង្សាយ៉ាងឃោរឃៅ ដោយទាញកាំបិតផ្គាក់កាប់ប្រហារប្រពន្ធទាំងកំរោល បណ្តាលឱ្យចំមាត់១កាំបិតរយះស្ទើរដាច់ជា២កំណាត់ ធ្វើឱ្យស្ត្រីជាប្រពន្ធរងរបួសយ៉ាងធ្ងន់ សង្ឃឹមមានជីវិតរស់តិចតួចបំផុត។

ហេតុការណ៍ប្តីប្រចណ្ឌប្រពន្ធលាបក្រែមថែមម្សៅស្អាតពេក បែរជាកាប់១កាំបិតផ្គាក់រយះមាត់ជា២នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩នឹង២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះរបស់ប្តីប្រពន្ធខាងលើ ស្ថិតក្នុងភូមិរុនខាងត្បូង ឃុំដារុន ស្រុកសូទ្រនិគម។

ជនដៃដល់ជាប្តីចិត្តព្រៃផ្សៃកាប់ប្រហារប្រពន្ធដោយគ្មានញញើតដៃរូបនេះ មានឈ្មោះចន សុខ អាយុ៤៥ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះរុន ម៉ាប់ អាយុ៤៦ឆ្នាំ រងរបួសរយះថ្ពាល់ខាងឆ្វេងដាច់ពីត្រចៀកដល់ចង្កា។ ប្តីប្រពន្ធអ្នកទាំង២នេះ សព្វថ្ងៃមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីអ្នកភូមិដែលរស់នៅក្បែរខាងផ្ទះកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា ក្រុមគ្រួសារខាងលើរស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មាននោះទេ ព្រោះត្បិតថាម្នាក់ៗមានអាយុជាង៤០ទៅ៥០ឆ្នាំប្លាយរៀងខ្លួនទៅហើយ ប៉ុន្តែនៅតែមានចិត្តប្រចណ្ឌមិនចាញ់កំលោះក្រមុំប៉ុន្មានឡើយ ពិសេសបុរសជាប្តីជាមនុស្សមានចិត្តប្រចណ្ឌប្រពន្ធខ្លាំងណាស់ សូម្បីតែប្រពន្ធស្តីមនុស្សប្រុសណាក៏មិនបានដែរ តែងសួរនាំរករឿង ធ្វើឱ្យកើតមានជម្លោះនឹងគ្នាជាញឹកញាប់ គ្រាន់តែមិនដល់ថ្នាក់អំពើហិង្សាឃោរឃៅគួរឱ្យរន្ធត់បែបនេះទេ។

ប្រភពដដែលបន្តថា ដោយឡែកស្ត្រីរងគ្រោះជាប្រពន្ធវិញ គេឃើញថា គឺជាមនុស្សដែលចូលចិត្តតុបតែងខ្លួន លាបក្រែមថែមម្សៅ ចង់ស្អាតល្អខ្លាំងណាស់ ហើយក៏មិនមែនសម្រាប់ទាក់ប្រុសណាដូចប្តីចោទប្រកាន់ដែរ តែគ្រាន់តែចង់ស្អាតដោយខ្លួនឯង និងចង់លើកមុខមាត់ប្តីដែលមានប្រពន្ធស្អាត តែផ្ទុយទៅវិញអារម្មណ៍ប្តីខុសស្រឡះ ពោលគឺមិនបានត្រេកអរជាមួយនឹងការលាបក្រែមថែមម្សៅ តុបតែងខ្លួនរបស់ប្រពន្ធនោះទេ និងតែងហាមកុំឱ្យប្រពន្ធលាបម្សៅក្រែមទាំងនោះទៀតផង តែប្រពន្ធមិនស្តាប់ ទើបបុរសជាប្តីចេះតែចោទប្រកាន់ថាប្រពន្ធតែងខ្លួនទាក់ប្រុស និងមានបំណងបែកឆ្វេងភ្លេចប្តី។

ប្រភពខាងលើ បានបញ្ជាក់ថា លុះមកដល់យប់កើតហេតុខាងលើ គេឮសូរប្តីប្រពន្ធអ្នកទាំងពីរបានកើតមានជម្លោះតឹងសរសៃកដាក់គ្នាយ៉ាងខ្លាំង លុះបន្តិចក្រោយមក ក៏លាន់ឮសំឡេងប្រទូសរាយគ្នា ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាស្ទុះទៅមើល ស្រាប់តែប្រទះឃើញរូបភាពគួរឱ្យតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ដោយឃើញស្ត្រីរងគ្រោះជាប្រពន្ធត្រូវប្តីកាប់១កាំបិតផ្គាក់ដងវែង យ៉ាងពេញទំហឹង ចំត្រចៀកខាងឆ្វេង ធ្លាក់ថ្គាមមួយចំហៀង (ស្ទើររយះមាត់ជា២កំណាត់) របួសធ្ងន់ទៅហើយ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋជិតខាងបានជួយដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីពេទ្យបង្អែកខេត្តសៀមរាប ដើម្បីសង្គ្រោះជីវិត ហើយតាមការអះអាងពីអ្នកឃើញរូបភាពជាក់ស្តែង បានឱ្យដឹងថា ស្ត្រីរងគ្រោះហាក់មានសង្ឃឹមរស់តិចខ្លាំងណាស់។

ដោយឡែក បុរសចិត្តឃោរឃៅជាប្តី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដោយដកហូតកាំបិតផ្គាក់ដងវែង មុខកាំបិតប្រឡាក់ជាប់ដោយឈាមស្ត្រីរងគ្រោះជាប្រពន្ធទៀតផង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES