ភ្នំពេញ ៖ បុរសវ័យចំណាស់២នាក់ បានរាប់អានគ្នាជាក្លើម្រាក់ចិត្តមួយថ្លើមមួយ មាននំចំណីឆ្ងាញ់តិចតួច មិនដែលរំលងគ្នាឡើង ពិសេសឱ្យតែមានស្រាផឹកតែងប្រកូកប្រកាសហៅគ្នាទៅផឹកស៊ីហើយ ចម្លែកតែលើកនេះ ភាគីម្ខាងមានស្រាផឹកសម្ងំផឹកតែឯង មិនព្រមហៅ លុះក្លើដឹង ក៏ផ្ទុះកំហឹងស្ទុះទៅដាល់២-៣ដៃ បណ្តាលឱ្យប៉ោងមុខ ទុកជាការព្រមាន រឿងមានផឹកមានស៊ីលាក់លៀមគ្នា។
ករណីចាស់ស្ទាវផ្ទុះអំពើហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិអន្លូងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។
បុរសដៃដល់ដែលខឹងមិត្តភក្តិមានស្រាផឹក អត់ហៅទៅផឹកជាមួយ បង្ករឿងឈ្លោះវ៉ៃមិត្តភក្តិប៉ោងមុខ មានឈ្មោះរស់ សុខណៃ អាយុ៥៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ វណ្ណា អាយុ៤០ឆ្នាំ មុខរបរជាសន្តិសុខឯកជន ស្នាក់នៅក្បែរគ្នាក្នុងភូមិនោះដែរ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា អ្នកទាំង២ខាងលើនេះ មិនត្រឹមតែជាអ្នករស់នៅជិតខាងគ្នានោះទេ គឺជាក្លើម្រាក់ដៃគូផឹកស៊ី ដោយមិនអាចមានម្នាក់អត់ម្នាក់ឡើយ។ កន្លងមកពួកគាត់តែងតែផឹកស៊ីជាមួយគ្នាជានិច្ច ទោះផឹកស្រាក្លែមក្តឹបអម្ពិល ក៏មិនដែលភ្លេចហៅគ្នាឡើយ។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស៊ីទាំងព្រឹកជាមួយអ្នកភូមិផ្សេងទៀត ដោយមិនបានហៅជនដៃដល់ជាដៃគូនោះទេ។ ខណៈនោះ បានធ្វើឱ្យបុរសនោះអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ក៏ផ្ទុះកំហឹងនិយាយឌឺដងដាក់គ្នា រហូតដល់វាយតប់គ្នាកើតឡើង ហើយជនដៃដល់ ក៏បានប្រើកណ្តាប់ដៃដាល់ទៅលើជនរងគ្រោះ២-៣ដៃ បណ្តាលឱ្យប៉ោងមុខ។
ប្រភពដដែល បន្តថា ក្រោយកើតមានអំពើហិង្សាខាងលើ មានអ្នករាយការណ៍ទៅនគរបាលមូលដ្ឋានថា មានករណីក្មេងស្ទាវកំពុងវាយកាប់ចាក់គ្នាខ្លាំងណាស់ សូមឱ្យជួយអន្តរាគមន៍បន្ទាន់។ ស្រាប់តែពេលកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ចុះមកដល់មានការហួសចិត្តយ៉ាងខ្លាំង ដោយសារឃើញអ្នកវាយតប់គ្នានោះ មិនមែនជាក្មេងស្ទាវទេ គឺសុទ្ធតែចាស់ស្ទាវទៅវិញ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា ទំនាស់វាយតប់គ្នានេះ កើតឡើងដោយសារតែជនរងគ្រោះមានផឹកមានស៊ីក្បត់ដៃគូ តែគាត់មិនបានវាយទៅលើជនរងគ្រោះនោះឡើយ ដោយគ្រាន់តែច្រានឱ្យដួលបោកផ្ទប់រទេះលក់នំប៉័ងប៉ុណ្ណោះ។
ជុំវិញករណីហិង្សាខាងលើនេះ សមត្ថកិច្ចបានសម្រេចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនដៃដល់ទៅចាត់ការបន្តតាមនីតិវិធី៕