Tuesday, September 30, 2025
Homeព័ត៌មានជាតិចែលីន ឈ្មួញរកស៊ីដឹកឈើ ដំឡើងអំណាច

ចែលីន ឈ្មួញរកស៊ីដឹកឈើ ដំឡើងអំណាច

ខេត្តរតនគិរី ៖ បទល្មើសកាប់ឈើ និងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ នៅតែបន្តកើតមានឡើងយ៉ាងកក្រើកនៅក្នុងទឹកដីនៃខេត្តរតនគិរី ដោយក្នុងនោះ មានសេចក្តីរាយការណ៍មកថា មិនត្រឹមតែមានការលួចគប់គិតប្រព្រឹត្តបទល្មើសជាប្រព័ន្ធ រវាងមន្ត្រីខិលខូច និងក្រុមឈ្មួញប៉ុណ្ណោះទេ តែក្រុមឈ្មួញដែលរកស៊ីដឹកឈើសព្វថ្ងៃហាក់កំពុងដំឡើងអំណាចរបស់ខ្លួនកាន់តែខ្លាំងឡើង ដោយគ្មានខ្លាចក្រែងរអែងច្បាប់ទម្លាប់អ្វីសោះឡើយ។

ប្រភពព័ត៌មានពីអ្នកសារព័ត៌មានប្រចាំតំបន់ក្រុងបានលុង បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ស្ត្រីម្នាក់ដែលស្គាល់ថា ជាឈ្មួញដឹកឈើម្នាក់រស់នៅភូមិអូរមឿត សង្កាត់ឡាបានសៀក ក្រុងបានលុង បានឡូឡាថតរូបអ្នកសារព័ត៌មានទុក និងបានចោទប្រកាន់ថា អ្នកសារព័ត៌មានមកជំរិតទារលុយគាត់ បន្ទាប់ពីអ្នកសារព័ត៌មានចុះទៅថតផ្តិតយករូបភាពបទល្មើសនៅផ្ទះគាត់យកមកផ្សាយ។

ប្រភពដដែលបន្តថា បន្ទាប់ពីអ្នកសារព័ត៌មានទទួលបានដំណឹងថា ផ្ទះនៅចំណុចខាងលើ មានស្តុកឈើខុសច្បាប់ អ្នកសារព័ត៌មានបានចុះទៅដល់ និងបានប្រទះឃើញឈើ៣គំនរ ក្នុងរបងផ្ទះនោះមែន ហើយស្ត្រីម្ចាស់ឈើនោះ  បានប្រាប់អ្នកសារព័ត៌មានថា ហៅគេមកចាប់ឈើនេះទៅ ប្រាប់គេថា នៅផ្ទះចែលីន ភូមិថ្មី  បន្ទាប់មក អ្នកសារព័ត៌មានក៏បានខលទៅលោកកែប កុដ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ប៉ុន្តែត្រូវលោកកែប កុដ ប្រាប់ថា លោកកំពុងនៅប្រទេសវៀតណាម ហើយលោកមិនបានខលទៅកូនចៅឱ្យចុះទៅទេ ដោយសារការទូរស័ព្ទពីប្រទេសវៀតណាម ទៅអស់លុយច្រើនពេក តែលោកបានផ្ញើសារទៅកូនកូនចៅលោកហើយ។

ចំណែកលោកនូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តរតនគិរី ក្រោយពីអ្នកសារព័ត៌មានទូរស័ព្ទទៅរាយការណ៍ប្រហែលជា២ម៉ោង លោកបានទូរស័ព្ទមកវិញ ប្រាប់ថា ព្រះរាជអាជ្ញាជាប់រវល់ លោកមិនអាចចុះទៅបានទេ ពីព្រោះឈើនោះនៅក្នុងផ្ទះគេ។

ដោយមិនឃើញជំនាញ និងស្ថាប័នពាក់ព័ន្ធ ចុះទៅបង្ក្រាប អ្នកសារព័ត៌មានក៏ថតយករូបភាពដើម្បីផ្សាយ ខណៈនោះ ស្រីឈ្មោះលីន បានថតអ្នកសារព័ត៌មានវិញ ហើយស្រែកថា អ្នកសារព័ត៌មានជំរិតទារលុយគាត់។ ហើយគាត់ក៏បានសារភាពថា គាត់ជាអ្នករកស៊ីដឹកឈើមែនផងដែរ។

គួរបញ្ជាក់ថា ស្ត្រីឈ្មោះលីន នេះរកស៊ីដឹកឈើពីស្រុកកូនមុំ ចូលក្រុងបានលុង ជាច្រើនឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចបង្ក្រាបម្តងណាទេ ប្រហែលជាការរកស៊ីដឹកឈើល្មើសច្បាប់ដុះស្លែរបស់គាត់ ធ្វើឱ្យគាត់ស្គាល់សមត្ថកិច្ចក្នុងខេត្តអស់ហើយមើលទៅ ទើបធ្វើឱ្យគាត់មានអំណាច ហើយប្រាប់អ្នកសារព័ត៌មានឱ្យរាយការណ៍ទៅសមត្ថកិច្ចមកបង្ក្រាបគាត់ ដោយមិនញញើតមាត់ ព្រមទាំងប្រាប់ឈ្មោះគាត់ទៀត៕

RELATED ARTICLES