រយៈមួយថ្ងៃមុនការប្រកួតបាល់ទាត់ពិភពលោកចូលមកដល់ លោកពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បើទោះជាបច្ចុប្បន្ននេះ ក្រុមជម្រើសជាតិខ្លាឃ្មុំទឹកកក មានទម្រង់លេងមិនសូវល្អយ៉ាងណាក៏ដោយ តែរុស្ស៊ី នឹងប្រយុទ្ធស្លាប់រស់រហូតដល់ទីបញ្ចប់។
ក្រុមជម្រើសជាតិរុស្ស៊ី ត្រូវប៉ះក្រុមអារ៉ាប៊ីសាអ៊ូឌីត ថ្ងៃបើកឆាកដំបូង ដែលមានសង្ឃឹមរកបាន៣ពិន្ទុ មុននឹងទៅប៉ះជើងខ្លាំងអេហ្ស៊ីប ថ្ងៃទី១៩ និងប្រកួតចុងក្រោយប៉ះអ៊ុយរុយហ្គាយ នៅថ្ងៃទី២៥ ខែមិថុនា។
ក្រុមជម្រើសជាតិរុស្ស៊ី មានចំណាត់ថ្នាក់លេខរៀងទី៧០ ទាបជាងគូប្រកួតអារ៉ាប៊ីសាអ៊ូឌីត ៣លេខ។
លោកពូទីន បាននិយាយថា “ក្រុមរបស់យើងមិនទទួលបានលទ្ធផលល្អទេ នៅពេលថ្មីៗនេះ”។
លោកពូទីន បានបន្តទៀតថា យើងមានក្តីសង្ឃឹមច្រើនណាស់។ នៅប្រទេសរុស្ស៊ី មានអ្នកគាំទ្រ និងអ្នកស្រឡាញ់បាល់ទាត់ច្រើន ដែលជំរុញឱ្យកីឡាករមានទឹកចិត្តប្រកួត។
ជ័យជម្នះរបស់ខ្លាឃ្មុំទឹកកករុស្ស៊ី ចុងក្រោយ គឺយកឈ្នះកូរ៉េខាងត្បូង ដោយលទ្ធផល ៤-២ ប្រកួតមិត្តភាពនៅទីក្រុងម៉ូស្គូ កាលពីខែតុលា កន្លងទៅ។
ជាបន្តក្រុមនេះ ប្រកួតចាញ់អាហ្សង់ទីន ប្រេស៊ីល បារាំង និងអូទ្រីស មុននឹងលេងស្មើជាមួយអ៊ឺរ៉ង់ អេស្ប៉ាញ និងតួកគី៕