ក្រោយពីបណ្តេញលោក Julen Lopetegui ចេញពីកៅអីគ្រូបង្វឹកក្រុមជម្រើសជាតិ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានប្រកាសតែងតាំងលោក Fernando Hierro ជាគ្រូបង្វឹកថ្មី សម្រាប់យុទ្ធនាការប្រកួតបាល់ទាត់ពិភពលោក ២០១៨នេះ។
លោក Fernando Hierro អតីតជាប្រធានផ្នែកកីឡាករក្រុមជម្រើសជាតិអេស្ប៉ាញ ធ្លាប់ធ្វើជាជំនួយការក្លឹប Real Madrid និងធ្លាប់ធ្វើជានាយកផ្នែកបាល់ទាត់នៅក្លឹបអេស្ប៉ាញ Malaga។
យ៉ាងនេះក្តី បើនិយាយពីអាជីពគ្រូបង្វឹកវិញ លោកធ្លាប់ដឹកនាំក្លឹបតែមួយប៉ុណ្ណោះ គឺ Real Oviedo ក្នុងលីគអេស្ប៉ាញ លំដាប់ទី២ កាលពីរដូវកាល២០១៦ ២០១៧។ លោកធ្វើមិនបានសម្រេចក្នុងការនាំក្លឹបមកឡើងលេងព្រីមេរ៉ាលីហ្គាឡើយ រួចក៏បានសម្រេចដើរចេញពីក្លឹបនាពេលរដូវកាលនោះចប់។
សូមបញ្ជាក់ផងដែរថា ការតែងតាំងនេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានបញ្ចប់លោក Julen Lopetegui ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិ។ ការបញ្ចប់នេះ គឺមានរយៈពេល២ថ្ងៃ មុនអេស្ប៉ាញ ត្រូវបើកឆាកប្រកួតបាល់ទាត់ពិភពលោករបស់ខ្លួន ប៉ះជាមួយព័រទុយហ្គាល់។
កាលពីយប់ម្សិលមិញ លោក Lopetegui ត្រូវបាន Real Madrid តែងតាំងជាអ្នកចាត់ការជំនួសលោក Zinedine Zidane ដែលទើបនឹងលាលែងពីតំណែងកាលពីចុងខែមុននេះ៕