ទោះបីជាកីឡាករ Willian គឺជាដៃគូជំនិតជាមួយខ្សែប្រយុទ្ធ Eden Hazard ពេលលេងជាមួយក្លឹប Chelsea យ៉ាងណាក៏ដោយ តែសម្រាប់ការជួបគ្នាថ្ងៃនេះ គេមិនមានជាមិត្តទៀតទេ ហើយកីឡាកររូបនេះក៏បានព្រមានទៅលើ Hazard ថា គេនឹងធ្វើឱ្យបានល្អជាង។
ក្រុមជម្រើសសាំបាប្រេស៊ីល ត្រូវជួបប្រកួតជាមួយក្រុមបិសាចក្រហម ប៊ែលហ្ស៊ិក ក្នុងវគ្គ៨ក្រុមចុងក្រោយ ដែលជាការប្រកួតដ៏ក្តៅគគុក ដើម្បីស្វែករកកៅអីមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅក្នុងជំរុំហ្វឹកហាត់ ទីក្រុងសូជី កាលពីថ្ងៃប្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ ២០១៨ Willian បាននិយាយថា Hazard គឺជាកីឡាករដែលមានសីលធម៌ល្អ ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់ ប៉ុន្តែឥឡូវនេះ វាជាពេលវេលាសម្រាប់យើងធ្វើអ្វីៗ ដើម្បីការពារកិត្តិយសប្រទេសរបស់យើង ហើយខ្ញុំសង្ឃឹមថា ប្រេស៊ីល នៅតែមានភាគរយខ្ពស់ជាងប៊ែលហ្ស៊ិក។
កីឡាករវ័យ២៩ឆ្នាំរូបនេះ បានបន្តទៀតថា Hazard គឺជាកីឡាករឆ្មើមលំដាប់ពិភពលោក ប៉ុន្តែឥឡូវនេះ ខ្ញុំនៅជ្រុងម្ខាងដែលមានកីឡាករលំដាប់ពិភពលោកដែរ។ ខ្ញុំដឹងដែរថា យើងនៅតែជាមិត្តនឹងគ្នា បន្ទាប់ពីការប្រកួតនេះទៅ។
ទោះជាយ៉ាងក៏ដោយ Willian ក៏បានបង្ហាញក្តីបារម្ភខ្លះដែរ ដោយសារកីឡាករ Marcelo និង Costa មានបញ្ហារបួសបន្តិចបន្តួច ខណៈដែលខ្សែបម្រើប្រយុទ្ធ Real Madrid កីឡាករ Casemiro ជាប់បម្រាម”៕