ទីបំផុត ក្លឹបតោខៀវ Chelsea បានបណ្តេញលោក Antonio Conte ចេញពីតំណែងកៅអីគ្រូបង្វឹកជាផ្លូវការហើយ។ លោក Conte បានចូលមកដឹកនាំក្លឹបតោខៀវ Chelsea កាលពីឆ្នាំ២០១៦។
គ្រូបង្វឹកវ័យ៤៨ឆ្នាំ នៅសល់កុងត្រារយៈពេល១ឆ្នាំទៀត ជាមួយក្លឹប Chelsea។ លោក Conte នឹងទទួលបានសំណងជំងឺចិត្តជាង១០លានដុល្លារ។
ក្រោយប្រកាសបណ្តេញលោក Conte ចេញពីតំណែងវា គឺជាការបើកផ្លូវឱ្យលោក Maurizio Sarri អតីតគ្រូបង្វឹក Napoli ចូលមកស្នងតំណែងនេះ។
លោក Sarri នឹងក្លាយជាគ្រូបង្វឹកទី៩ ចាប់តាំងពីមហាសេដ្ឋីរុស្ស៊ី ទិញក្លឹបនេះ កាលពីឆ្នាំ២០០៣។
ក្នុងអំឡុងពេលដឹកនាំក្លឹប Napoli រយៈពេល៣ឆ្នាំ លោក Sarri មិនបានឈ្នះពានធំដុំណាមួយនោះទេ គឺបានត្រឹមតែចំណាត់ថ្នាក់លេខ២ ពីរដង និងលេខ៣ ម្តង។
ជម្លោះរវាងក្លឹប Chelsea ក្លឹប Napoli មិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយទេ ទាក់ទងទៅនឹងប្រាក់សំណងជំងឺចិត្ត។
ជាការពិត លោក Sarri បានមកដល់ពហុកីឡដ្ឋាន Stamford Bridge តាំងពីចុងខែមិថុនា មកម៉្លេះ។
លោក Conte ឈ្នះពានប្រឺមីញេលីកលើកដំបូង និងពានអង់គ្លេស FA Cup ប៉ុន្តែ ធ្វើឱ្យក្លឹបនេះ ធ្លាក់មកដល់ចំណាត់ថ្នាក់លេខរៀងទី៥ កាលពីរដូវកាលកន្លងទៅនេះ។
ក្រោយការចាកចេញគេមិនដឹងថា វាសនារបស់លោក Conte នឹងណានោះទេ៕