Tuesday, June 24, 2025
Homeកីឡាអន្ដរជាតិបារាំង ឈ្នះក្រូអាសុី លើកពាន World Cup ក្រោមដំណក់ទឹកភ្លៀងលាយទឹកភ្នែក

បារាំង ឈ្នះក្រូអាសុី លើកពាន World Cup ក្រោមដំណក់ទឹកភ្លៀងលាយទឹកភ្នែក

ទីបំផុត ក្រុមមាន់គកបារាំង បានយកឈ្នះក្រុមជម្រើសជាតិក្រូអាស៊ី ដោយលទ្ធផល ៤-២ នៅពហុកីឡដ្ឋាន Luzhniki កាលពីរាត្រីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។

លោក Deschamps អតីតប្រធានក្រុមជម្រើសជាតិ​ ដែលជួយឲ្យបារាំង ឈ្នះពានបាល់ទាត់ពិភពលោក ១៩៩៨ បានក្លាយជាមនុស្សទី៣ ដែលឈ្នះពានបាល់ទាត់ពិភពលោក ក្នុងឋានៈជាកីឡាករ និងគ្រូបង្វឹក បន្ទាប់ពីលោក Mario Zagallo ជនជាតិប្រេស៊ីល និង Franz Beckenbauer ជនជាតិអាល្លឺម៉ង់។ ជ័យជន្នះនេះ បានធ្វើឲ្យក្រុមបារាំង លើកពានបាល់ទាត់ពិភពលោក លើកទី២ ក្នុងប្រវត្តិសាស្ត្រ។

នៅក្នុងដំណើរការប្រកួត ក្រុមបារាំង ទទួលបានគ្រាប់បាល់សំណាង១គ្រាប់ នៅនាទី18 ក្រោយពីកីឡាករ Mandzukic ធ្វើបាល់ចូលទីខ្លួនឯង តែត្រូវបានក្រុមក្រូអាស៊ី តាមបានស្មើវិញ នៅនាទី២៨។ ទោះជាយ៉ាងណាក្តី នៅនាទី៣៨ ក្រុមមាន់គគបារាំង ទទួលបានគ្រាប់បាល់សំណាងប៉េណាល់មួយគ្រាប់ទៀត ស៊ុតបញ្ចូលទីដោយកីឡាករ Griezmann នាំមុខក្រុមជម្រើសជាតិក្រូអាស៊ី ២-១ ហើយបានរក្សាលទ្ធផលនេះ រហូតដល់ចប់តង់ទី ១ ។

ចូលមកដល់តង់ទី២ ក្រុមក្រូអាស៊ី បានបង្កើនសម្ពាធវាយប្រហារទៅលើក្រុមបារាំង ជាមួយនឹងមហិច្ឆតាតាមយកស្មើ តែផ្ទុយទៅវិញ ភាពចន្លោះប្រហោងប្រព័ន្ធការពារ ធ្វើឲ្យកីឡាករខ្សែបម្រើ Pogba ស៊ុតបាល់បញ្ចូលទី បានមួយគ្រាប់ទៀត នៅនាទី៥៩ នាំមុខ៣-១។ ជាមួយគ្នានេះដែរ កីឡារ Mbappe បន្ថែមបានមួយគ្រាប់ទៀត នៅទី ៦៥ គឺនាំមុខ ៤-១។

ក្រោយពីទទួលបានលទ្ធផលរឹងមាំ ក្រុមបាល់ទាត់បារាំង បានបន្ថយសម្ពាធវាយបកទៅលើក្រុមក្រូអាស៊ី ហើយពេលនោះ អ្នកចាំទីបារាំង បានធ្វើឲ្យមានកំហុសមិនចាប់បាល់ ធ្វើឲ្យកីឡាករ Mandzukic ឆ្កឹះបាល់បញ្ចូលទី បានបានមួយគ្រាប់វិញ នៅទីនាទី៦៩។

២០នាទីក្រោយមក បើទោះជាក្រុមក្រូអាស៊ី បានបង្កើនការវាយបកបែបណាក្តី ទីបំផុតគេនៅតែមិនអាចរកគ្រាប់បាល់តាមបានស្មើ គឺរក្សាលទ្ធផល៤-២ ចប់ម៉ោងប្រកួតផ្លូវការ ៩០នាទី៕

RELATED ARTICLES