កាលពីថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក Hernan Dario Gomez បានសម្រេចចត្តិចែកផ្លូវជាមួយក្រុមជម្រើសប៉ាណាម៉ា បន្ទាប់ពីចប់យុទ្ធនាការប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី។
នៅក្នុងលិខិតមួយផ្ញើទៅសហព័ន្ធបាល់ទាត់ប៉ាណាម៉ា គ្រូបង្វឹកសញ្ជាតិកូឡុំប៊ី បានសរសេរថា ’’វាជាពេលវេលាមួយដ៏លំបាកសម្រាប់ខ្ញុំ ដើម្បីដើរចេញពីទីនេះ ដោយសារតែខ្ញុំបានដាក់បញ្ចាំបេះដូងជាមួយនឹងក្រុមជម្រើសជាតិប៉ាណាម៉ា’’។
លោកបានបន្តទៀតថា មុនពេលចូលកាន់តំណែង ខ្ញុំបានប្តេជ្ញាចិត្តរួចហើយថា នឹងនាំយកក្រុមនេះឡើងទៅប្រកួតបាល់ទាត់ពិភពលោក អីលូវខ្ញុំធ្វើបានហើយ។
លោក Gomez បានចូលមកដឹកនាំក្រុមជម្រើសជាតិប៉ាណាម៉ា កាលពីឆ្នាំ២០១៤ និងនាំក្រុមនេះបានចំណាត់ថ្នាក់លេខ៣ មានកៅអីមួយឡើងមកប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី ។
នៅក្នុងយុទ្ធនាការប្រកួត ក្រុមប៉ាណាម៉ា ចាញ់ទាំងបីប្រកួត គឺចាញ់បែលហ្ស៊ិក អង់គ្លេស និងទុយនីស៊ី របូតបាល់១១គ្រាប់ និងស៊ុតបញ្ចូលទីគូប្រកួត បានតែ២គ្រាប់ប៉ុណ្ណោះ៕