បន្ទាប់ពីមើលឃើញទម្រង់លេងរបស់កីឡាករ Paul Pogba មានសន្ទុះខ្លាំងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក2018 នៅប្រទេសរុស្ស៊ី លោក Jose Morinho បានជំរុញឱ្យកីឡាកររូបនេះ ចម្លងទម្រង់លេងនៅរុស្ស៊ី មកជួយក្លឹបបិសាចក្រហម Man Utd។
លោក Morinho បាននិយាយថា ការឈ្នះពានបាល់ទាត់ពិភពលោក គឺជាមេរៀនមួយដ៏ល្អ ហើយមិនមែនសុទ្ធតែគ្រប់ៗគ្នាធ្វើបាននោះទេ។
លោកបានបន្តទៀតថា ទម្រង់លេងរបស់ខ្សែបម្រើ Pogba ដើរតួជាអ្នកចែកបាល់ដ៏សំខាន់ និងបង្កើតឱកាសឱ្យមិត្តរួមក្រុមក្នុងការរកគ្រាប់បាល់បញ្ចូលទីជាញឹកញាប់។
ការលើកឡើងរបស់លោក Morinho បានកើតឡើង បន្ទាប់ពីមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅនឹងទម្រង់លេងរបស់ Pogba ជាពិសេសក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលរកគ្រាប់បាល់បាន១គ្រាប់ស៊ុតបញ្ចូលទី ជួយឱ្យក្រុមមាន់គកបារាំង ឈ្នះក្រូអាស៊ី ដោយលទ្ធផល 4-2។ លេងនៅជាមួយបិសាចក្រហម Man Utd ទម្រង់លេងរបស់គេមិនបានល្អនោះទេ។
ជាមួយគ្នានេះដែរ លោក Morinho បានបញ្ជាក់ថា កីឡាករខ្សែបម្រើវ័យ25ឆ្នាំរូបនេះ នឹងអវត្តមានពីបិសាចក្រហម Man Utd សម្រាប់បើករដូវកាលថ្មីនេះ ដោយសារតែគាត់ទើបបញ្ចប់បេសកកម្មជួយក្រុមជម្រើសជាតិ ឈ្នះពានរង្វាន់បាល់ទាត់ពិភពេលោក2018 នៅប្រទេសរុស្ស៊ី។
កីឡាករ Paul Pogba នឹងខកខានការប្រកួតបើកឆាកដំបូង ពេលបិសាចក្រហម Man Utd បើកទ្វារទទួលភ្ញៀវ Leicester នៅថ្ងៃទី10 ខែសីហា ឆ្នាំ2018 ខាងមុខនេះ ខណៈ5ប្រកួតកម្តៅសាច់នៅអាមេរិក ក៏គ្មានវត្តមានដែរ៕