យោងតាមប្រភពព័ត៌មាន Maily Mail ចេញផ្សាយកាលពីថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ ២០១៨ បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Christino Ronaldo បានផ្តល់លុយលើកទឹកចិត្តចំនួន២៣២០០ដុល្លារ ដល់បុគ្គលិកបម្រើការនៅសណ្ឋាគារ អំឡុងពេលដែលគាត់ទៅកម្សាន្តជាមួយស្រីស្នេហ៍ លក្ខណៈគ្រួសារ នៅសមុទ្រមេឌីទែរ៉ាណេ ប្រទេសក្រិក។
ការផ្តល់ប្រាក់លើកទឹកចិត្តដ៏ច្រើនបែបនេះ ដោយសារតែ Ronaldo មានចំណាប់អារម្មណ៍ចំពោះសេវាកម្មដ៏ល្អឥតខ្ចោះនៅក្នុងសណ្ឋាគារនេះ កីឡាករវ័យ៣៣ឆ្នាំ ត្រូវបានបុគ្គលិកបម្រើនៅសណ្ឋាគារ ស្នើសុំឱ្យបែងចែកកញ្ចប់លុយលើកទឹកចិត្តដាច់ដោយឡែកពីគ្នា។
យោងតាមទស្សនាវដ្តី Forbes កីឡាករ Christino Ronaldo រកប្រាក់ចំណូលបាន១០៨លានដុល្លារ ក្នុងឆ្នាំ២០១៧។ ប្រាក់ចំណូលរបស់ Ronaldo កាលនៅជាមួយក្លឹប Real Madrid ទទួល៦៥ម៉ឺនដុល្លារ ក្នុង១សប្តាហ៍ មានន័យថា ការផ្តល់ប្រាក់លើកទឹកចិត្ត គឺតិចជាង១ភាគរយនៃប្រាក់ចំណូលប្រចាំខែរបស់គាត់។
បន្ទាប់ពីស្នាក់នៅក្នុងសណ្ឋាគារ Greeck Holyday កីឡាករ Ronaldo ក៏បានបន្តជិះយន្តហោះផ្ទាល់ខ្លួនទៅទីក្រុងទូរីន ទឹកដីអ៊ីតាលី ដែលទីនោះហើយដែលគាត់ចុះកុងត្រារយៈពេល៤ឆ្នាំ ជាមួយក្លឹបសេះបង្កង់ Juventus ជាង១៣០លានដុល្លារ៕