ក្រោយពីទទួលព័ត៌មានថា ក្លឹប Real Madrid បានចិញ្ចឹមចិត្តតាមប្រមាញ់កីឡាករខ្សែប្រយុទ្ធបិសាចក្រហមប៊ែលហ្ស៊ិក យកមកជំនួសតំណែងកីឡាករខ្សែប្រយុទ្ធ Ronaldo ក្លឹប Chelsea បានប្រតិកម្មតបទៅក្លឹប Real Madrid ថា កីឡាករ Hazard មិនមែនសម្រាប់លក់ទេ។
នេះបើយោងតាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយកាលពីថ្ងៃចន្ទ ទី23 កក្កដា ឆ្នាំ2018។
ការលើកឡើងរបស់ Chelsea ក្រោយពីក្លឹប Real Madrid បានផ្តល់តម្លៃខ្លួនកីឡាករ Hazard ចំនួន150លានផោន ស្មើនឹងជិត200លានដុល្លារ។
ក្លឹប Chelsea មានទំនុកចិត្តថា កីឡាករ Hazard នឹងមិនរត់ចោលទ្រនំចាស់នោះទេ បើទោះជាក្លឹប Real Madrid បង្ហាញចំណាប់អារម្មណ៍ចង់បានក្តី។ ការលើកឡើងរបស់ក្លឹប Chelsea ក៏ដោយសារតែកីឡាកររូបនេះ នៅសល់កុងត្រា2ឆ្នាំទៀត រហូតដល់ឆ្នាំ2020។
កាលពីប្រកួតបាល់ទាត់ពិភពលោក2018 ខ្សែប្រយុទ្ធប៊ែលហ្ស៊ិករូបនេះ ធ្លាប់បានបង្ហើបថា គាត់ចង់ទៅលេងឱ្យក្លឹប Real Madrid ប្រសិនបើមានឱកាស។
សម្រាប់យុទ្ធនាការប្រកួតកម្តៅសាច់ដុំ នៅប្រទេសអូស្ត្រាលី កីឡាករ Hazard មិនបានបង្ហាញវត្តមានទេ ដោយសារជាប់វិស្សមកាល ក្រោយបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក 2018 នៅប្រទេសរុស្ស៊ី។
កីឡាករ Hazard បានចូលមកលេងឱ្យក្លឹបនេះ តាំងពីឆ្នាំ2012 ក្រោយពីផ្លាស់មកពីក្លឹបបាល់ទាត់បារាំង Lille។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន69គ្រាប់ ក្នុងការបង្ហាញវត្តមាន208ប្រកួត៕