Saturday, September 13, 2025
Homeសង្គម និងជីវិតលែងលះច្រើនខែ ប្តីសុំភ្ជាប់ស្នេហ៍វិញ ប្រពន្ធចាក់ស្លាប់

លែងលះច្រើនខែ ប្តីសុំភ្ជាប់ស្នេហ៍វិញ ប្រពន្ធចាក់ស្លាប់

ប្រទេសថៃ ៖ ប្តីប្រពន្ធជនជាតិិខ្មែរ២នាក់ បានធ្វើចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃជាយូរមកហើយ លុះក្រោយមក ដោយសារតែប្តីចូលចិត្តផឹកស្រា ហើយឱ្យតែស្រវឹងតែងបង្ករឿងវ៉ៃដំប្រពន្ធខ្លាំងពេក ទ្រាំលែងបាន ទើបលែងលះគ្នាមួយរយៈមកហើយ ស្រាប់តែបុរសជាប្តី នៅមិនទាន់ដាច់អាល័យ ក៏តាមមកសុំភ្ជាប់ស្នេហ៍វិញ តែប្រពន្ធមិនព្រម ធ្វើឱ្យកើតជាជំលោះពាក្យសម្តី រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ទាញកាំបិតចាក់ប្តីបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចនាំកូនរត់គេចខ្លួនបាត់ស្រមោល។

ករណីឃាតកម្មប្រពន្ធចាក់ប្តីស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅខាងមុខអគារស្នាក់របស់កម្មករលេខ៥២ ស្ថិតនៅប៉ែកខាងក្រោយរោងចក្រចែអាសំបូរ ផារ៉ាវូត ស្ថិតក្នុងភូមិ១ ឃុំឆាកដូន ស្រុកខ្លែង ខេត្តរៈយ៉ង។
ជនរងគ្រោះដែលត្រូវប្រពន្ធចាក់ស្លាប់ មានឈ្មោះឡាច មុខរបរជាពលករចំណាកស្រុក។ ចំណែកស្ត្រីសង្ស័យជាប្រពន្ធ នៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ស្នាក់នៅទីតាំងកើតហេតុខាងលើ។

តាមសម្តីបុរសម្នាក់ឈ្មោះវិទូ ជនជាតិថៃ ជាម្ចាស់ហាងលក់ទំនិញនៅខាងមុខរោងចក្រ (ទីតាំងកើតហេតុ) បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ គាត់បានឮឈ្មោះឡាច (ជនរងគ្រោះ) មកគោះទ្វារហាងរបស់គាត់ ដើម្បីរកទិញស្រាផឹក តែគាត់មិនបានបើកលក់ឱ្យនោះទេ។ បន្ទាប់មក ជនរងគ្រោះក៏បានជិះម៉ូតូចូលទៅក្នុងរោងចក្របាត់ទៅ ដែលទំនងជាទៅរកប្រពន្ធរបស់គេវិញព្រោះពួកគេទាំង២នាក់ ជាពលករខ្មែរ ព្រមទាំងបានលែងលះគ្នាជាយូរមកហើយ ដោយសារបុរសជាប្តីនេះ តែងតែវាយ ធ្វើបាបប្រពន្ធញឹកញាប់ ក្រោយផឹកស៊ីស្រវឹងម្តងៗ។

ម្ចាស់ហាងលក់ទំនិញខាងលើ បានបន្តថា គាត់ក៏មិនបានចាប់អារម្មណ៍ថា ពេលដែលប្តីប្រពន្ធអ្នកទាំងពីរជួបគ្នានោះ មានរឿងអ្វីកើតឡើងដែរ ដោយសារតែយប់ជ្រៅពេក មនុស្សម្នាក៏ដេកលង់លក់អស់ដែរ។ រហូតដល់ព្រឹកឡើង ក៏មានការភ្ញាក់ផ្អើលឡើង ដោយឃើញជនរងគ្រោះឈ្មោះឡាច បានដេកស្លាប់នៅខាងមុខបន្ទប់ រីឯប្រពន្ធនិងកូនតូចៗ បានចេញបាត់ពីបន្ទប់ស្ងាត់អស់ទៅហើយ បន្ទាប់មកក៏មានការរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

បន្ទាប់ពីចុះមកពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា សាកសពជនរងគ្រោះ មានស្លាកស្នាមចាក់នឹងកាំបិតចំលើដើមទ្រូង១កាំបិតប្រវែង ប្រមាណ៥សង់ទីម៉ែត្រ និងមានឈាមហូរពេញដី ជាមួយនេះ សមត្ថកិច្ចក៏បានរកឃើញកាំបិតចុងស្រួច ប្រលាក់ដោយឈាម១ បន្សល់ទុកនៅក្នុង បន្ទប់ផងដែរ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះគឺជាករណីឃាតកម្ម ចំណែកឃាតករ អាចជាស្ត្រីជាប្រពន្ធ។ យ៉ាងណាស្ត្រីជាប្រពន្ធរូបនោះ មិនអាចគេចទៅណាឆ្ងាយឡើយ ព្រោះមិនមានស្គាល់អ្នកណាទេ ឬក៏អាចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសមត្ថកិច្ចបានទាក់ទងទៅតាមបណ្តាច្រកនានាអស់ហើយ ដើម្បីធ្វើការឃាត់ខ្លួនស្ត្រីជាឃាតកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES