ភ្នំពេញ ៖ ពេជ្រ សូលីកា ច្រៀង Cover បទ «ស្នេហ៍ដែលអូនចង់បាន» សំនៀងដើមរបស់អ្នកនាង អោក សុម៉ារីណា និងបទផ្ទាល់ខ្លួន «លេងសើចផ្លូវអារម្មណ៍» នាងច្រៀងទាំងទឹកភ្នែកហូរជោកថ្ពាល់ ព្រោះអត្ថន័យបទចម្រៀង ស្រដៀងគ្នាទៅនឹងរឿងពិតស្នេហាផ្ទាល់ខ្លួនរបស់នាងតែម្ដង ។ យ៉ាងណា ស្រីពេជ្រ ច្រៀងពីរបទនេះ រហូតដល់ចប់ បើទោះជាគុណភាពនៃសំឡេងរបស់នាងប្រែប្រួល ព្រោះតែអួលដើមក មិនពីរោះដូចពេល ច្រៀងធម្មតាក្ដី ។

នេះជាសញ្ញាថ្មីមួយទៀត បញ្ជាក់ថា សូលីកា ស្រមោលស្នេហ៍អតីតកាលរបស់នាង មិនទាន់រលុប ប្រឹងបំភ្លេច រឹតតែឈឺចាប់ តាមរយៈការបង្ហូរទឹកភ្នែកនៅឆាកតន្ត្រី The Water កាលពីរាត្រីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ។ Fan របស់ស្រីពេជ្រ បានខម្មិនលើកទឹកចិត្តនាង ជាបន្ដបន្ទាប់ និងខ្លះទៀត នឹកស្មានមិនដល់ថា ហេតុអ្វីបានជាពេលនេះ សូលីកា នៅតែមិនអាចបំភ្លេចស្នេហ៍ចាស់ បុរសជាឪពុកនៃកូនប្រុសនាងបានទៀត ព្រោះចែកផ្លូវគ្នាជិត ៤ឆ្នាំ ខណៈអតីតគូដណ្ដឹងនាង ក៏មានគូស្នេហ៍ថ្មី ដោយបើកចំហ នឹងត្រៀមរៀបការទៅហើយ?

គួរបញ្ជាក់ថា ពេជ្រ សូលីកា ក្រោយចេញពីហង្សមាស នាងបានផលិតបទចម្រៀងដោយខ្លួនឯង ហើយបទទាំងនោះ មានការគាំទ្រ ដោយអ្នកស្ដាប់ភាគច្រើនថា អត្ថន័យចម្រៀងស្រីពេជ្រ សុទ្ធតែស្រដៀងគ្នាទៅនឹងរឿងស្នេហាផ្ទាល់ខ្លួនរបស់នាង ដូចជាបទ «បើអូនជួបគេ» និង«ថែការចងចាំ» ជាដើម ។ ប៉ុន្តែការច្រៀងបទទាំងពីរនេះ ស្រីពេជ្រ មិនដែលយំលើឆាកតន្ត្រីទេ គឺគ្រាន់តែពេលខ្លះ នាងខ្សឹកខ្សួល រលេងរលោងទឹកភ្នែកប៉ុណ្ណោះ ផ្ទុយពីបទ «ស្នេហ៍ដែលអូនចង់បាន» និងបទ «លេងសើចផ្លូវអារម្មណ៍» នាងប្រឹងទប់ទឹកភ្នែកយ៉ាងណា ក៏មិនអាចឃាត់ទឹកនេត្រាបានឡើយ ។

ពេជ្រ សូលីកា ឬ គង់ ស្រីពេជ្រ បានចែកផ្លូវជាមួយលោក គឹម ហាន កាលពីឆ្នាំ២០២២ ក្រោយចាប់ដៃគ្នាជាង ៣ឆ្នាំ ទទួលបានចំណងដៃ កូនប្រុសមួយ ពេលនេះអាយុជាង៥ឆ្នាំ ។ ស្រីពេជ្រ បានបង្ហាញសញ្ញាស្នេហ៍ថ្មី ជាមួយបុរសម្នាក់ នៅថ្ងៃមង្គលការទេព បូព្រឹក្ស-ជីដេវីត កាលពីខែមិថុនា ឆ្នាំ២០២៥ ដែល Fan ថានាងលែងរងាបេះដូងទៀតហើយ ព្រោះរកបានភួយសាច់ ប៉ុន្ដែដឹងអីស្រាប់តែឥឡូវ ពេលច្រៀងត្រូវរឿងខ្លួនឯង យំលើឆាកបែបនេះ ខណៈដែលមុននេះ នាងទើបវិលត្រឡប់មកពីដើរកម្សាន្ដនៅប្រទេសជប៉ុន។

តាមប្រភពថា ពេជ្រ សូលីកា ច្រៀងលើកមុនៗ នៅតាម Pub និងក្លឹប ក៏ធ្លាប់ខ្សឹកខ្សួលអួលដើមកដែរ ពិសេសនៅពេលដែលនាងបែកបាក់គូដណ្ដឹងថ្មីៗ ហើយម្ដាយជាទីស្រលាញ់របស់នាង លោកស្រី ស៊ិន ស្រីនាង ក៏ត្រូវជាប់គុក ។ ប៉ុន្ដែប៉ុន្មានឆ្នាំមកនេះ នាងតាំងចិត្តប្រឹងធ្វើការ ដើម្បីរកលុយចិញ្ចឹមកូន និងប្អូន រហូតពង្រឹងទីផ្សារចម្រៀងបានដូចសព្វថ្ងៃ និងថែមទាំងបានសម្រេចបំណងច្រៀង Solo Concert កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ ។ ប៉ុន្ដែរយៈពេលចុងក្រោយ នាងមិនសូវមានបទចម្រៀងផ្ទុះ ដូចមុនទេ គឺភាគច្រើនច្រៀងបទល្បីចាស់ៗឡើងវិញ ហើយនាងជ្រើសយកការដើរកម្សាន្ដនៅក្រៅស្រុក ជាបន្ដបន្ទាប់ ពិសេសនាង ក៏ត្រូវបានក្រុម MMO ផ្សព្វផ្សាយថា ជាតារាដែលលេងសម្ភារៈនិយម មិនធម្មតាទេ ព្រោះសម្លៀកបំពាក់ កាបូប និងស្បែកជើង ជាដើម សុទ្ធតែជាម៉ាកល្បីៗ តម្លៃខ្ពស់ទាំងអស់ ។

ប្រភពថា ពេជ្រ សូលីកា នៅតែអាចបង្ហូរទឹកភ្នែកបន្ដទៀត នៅឆាកក្រោយៗ ប្រសិនបើនាងច្រៀងបទសាច់ រឿងដូចរឿងខ្លួនឯងទៀត ដែលពេលនោះ Fan ចង់ទៅស្ដាប់នាងច្រៀងបែរ ជាទៅមើលនាងយំវិញម្ដង ហើយនឹងមានអ្នកខ្លះ អាចយំតាមដែរ ។ ប៉ុន្តែបើស្រីពេជ្រ ចង់ឲ្យច្រៀងបទអីក៏លែងហូរទឹកភ្នែក លុះត្រាតែនាងរកបានគូស្នេហ៍ថ្មីពិតប្រាកដ ហ៊ានបើកស្នេហ៍ជាចំហ ទើបអាចកប់ស្រមោលស្នេហ៍ចាស់បាន។ យ៉ាងណា គិតមកដល់ពាក់កណ្ដាលឆ្នាំ២០២៦ នេះ មិនមានដំណឹងសូលីកា ត្រៀមភ្ជាប់ពាក្យ ឬចូលរោងការជាមួយបុរសថ្មីទេ បើទោះជានាងជាតារាមានឥទ្ធិពលម្នាក់ ព្រោះពេលឯកោ ធ្លាប់មានបុរសលាក់មុខ យកយន្ដហោះឯកជន (Private Jet) ដឹកនាងដើរលេងដល់អូស្រា្ដលី ក្ដី៕
